សារព័ត៌មាន Caught Offside បានរាយការណ៍អោយដឹងថា ក្លិប Liverpool បានសម្លឹងឃើញកីឡាករថ្មីសម្រាប់ជំនួសខ្សែប្រយុទ្ធ Mohamed Salah នោះគឺខ្សែប្រយុទ្ធ Kenan Yıldız របស់ក្លិប Juventus។
កិច្ចសន្យាចាស់របស់ Mohamed Salah កាន់តែជិតផុតកំណត់ហើយ ហើយមកដល់ពេលនេះក៏មិនមានការឈានដល់កិច្ចព្រមព្រៀងក្នុងការបន្តកិច្ចសន្យាថ្មី ដល់កីឡាករជនជាតិអេហ្ស៊ីបដែរ។
ស្របពេលដែលមិនមានដំណឹងពីការបន្តកិច្ចសន្យាថ្មីដល់ Mohamed Salah នោះ ស្រាប់តែមានការផ្សព្វផ្សាយអំពីគោលដៅថ្មីរបស់ Liverpool ដែលជាកីឡាករ Kenan Yıldız របស់ Juventus ទៅវិញ។
ក្លិបហង្សក្រហម មានត្រៀមប្រមាណ ៦៧លានផោន ក្នុងការចរចានាំយកកីឡាករមានទេពកោលស្យជនជាតិតួកគី ដោយចាត់ទុករូបគេ ជាអ្នកបន្តវេនវែងឆ្ងាយរបស់ Mohamed Salah ។
Kenan Yıldız មានកិច្ចសន្យាជាមួយJuventus រហូតដល់ ឆ្នាំ២០២៩ឯណោះ ដោយរូបគេកំពុងបង្កព្យុះភ្លៀងនៅក្នុងក្របខណ្ឌ Serie A។ កីឡាករវ័យ១៩ឆ្នាំ បានដុះដាលចេញពីថ្នាលយុវជនរបស់ Bayern Munich មុនបន្តទៅចូលរួមជាមួយថ្នាលយុវជន Juventus ក្នុងឆ្នាំ២០២២ និងបានវិវឌ្ឍន៍ខ្លួន មកកាន់ក្រុមឈុតធំបានយ៉ាងឆាប់រហ័ស។
Yildiz បានបង្ហាញខ្លួនជាលើកដំបូងនៅក្របខណ្ឌ Serie A កាលពីខែសីហាឆ្នាំ២០២៣ ហើយបានបង្កើតប្រវត្តិសាស្ត្រក្លាយជាកីឡាករស៊ុតបញ្ចូលទីបរទេសក្មេងបំផុតមិនធ្លាប់មានរបស់ Juventus នៅក្នុងការប្រកួតលីគ។
សមត្ថភាពរបស់គេជាមួយ Juventus បានបន្តលេចធ្លោនៅក្នុងការប្រកួតតំបន់អ៊ឺរ៉ុប ពេលដែលគេបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់ខ្លួនក្នុងពានរង្វាន់ UEFA Champions League បំបែកកំណត់ត្រាខ្សែប្រយុទ្ធ Alessandro Del Piero ថែមទៀត។
រដូវកាលនេះ Yildiz បានស៊ុតបញ្ចូលទី ៦ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន ៤ លើកក្នុងការបង្ហាញខ្លួន៤១ លើកនៅគ្រប់ការប្រកួតទាំងអស់។ ជំនាញបច្ចេកទេស ល្បឿន និងភាពច្នៃប្រឌិតរបស់ Yildiz ធ្វើអោយគេ ក្លាយជាការរំពឹងទុកដ៏ត្រឹមត្រូវសម្រាប់ប្រព័ន្ធវាយប្រយុទ្ធរបស់ Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Arne Slot ។ Liverpool កំពុងតាមដានស្ថានការណ៍របស់ Kenan Yıldız យ៉ាងដិតដល់ ប៉ុន្តែត្រូវប្រឈមមុខនឹងការប្រកួតប្រជែងពីក្លិបនៅ Premier League ផ្សេងទៀត រួមទាំង Man City ដែលត្រៀមខ្លួនជាស្រេចដើម្បីទិញយករូបគេផងដែរ៕