អ្នកគាំទ្រ Man UTD រាប់ពាន់នាក់បានចូលរួមការតវ៉ាដ៏ធំបំផុតប្រឆាំងនឹងម្ចាស់ភាគហ៊ុនក្រុមគ្រួសារមហាសេដ្ឋីអាមេរិក Glazers អោយលក់ភាគហ៊ុនទាំងអស់របស់ក្លិប។
ការតវ៉ារបស់ក្រុមអ្នកគាំទ្រក្លិបបិសាចក្រហមនេះ បានធ្វើឡើងនៅមុនជំនួបដែល Man UTD ទទួលបានត្រឹមលទ្ធផលស្មើគ្នា ១-១ ទល់នឹង Arsenal ក្នុងជំនួបក្របខណ្ឌ Premier League សប្តាហ៍ទី ២៨ នាកីឡដ្ឋាន Old Trafford។
The Glazers បានកាន់កាប់ភាគហ៊ុនធំរបស់ក្លិប Man UTD ចាប់តាំងពីឆ្នាំ២០០៥មក ប៉ុន្តែក្លិបមិនទទួលបានលទ្ធផលល្អឡើយ ដោយមានការធ្លាក់ចុះជាលំដាប់ ធ្វើអោយអ្នកគាំទ្រកាន់តែមិនពេញចិត្តចំពោះការដឹកនាំរបស់ក្រុមគ្រួសារសេដ្ឋីអាមេរិកនេះ។
ក្នុងការតវ៉ានោះមានការដើរហែរក្បួនយ៉ាងវែង ការលើកបដាតវ៉ាទៅកាន់ប្រធានក្លិបលោក Joel Glazer និងសហម្ចាស់ក្លិបមហាសេដ្ឋីអង់គ្លេស លោក Jim Ratcliffe ដែលបានចំណាយប្រាក់ ១,៣ ពាន់លានផោនសម្រាប់ការទិញភាគហ៊ុន២៨,៩៤ភាគរយរបស់ក្លិប។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះលោក Ratcliffe បានអនុញ្ញាតអោយមានសេរីភាពក្នុងការសម្រេចចិត្តសំខាន់ៗជុំវិញដំណើរការរបស់ក្លិប ប៉ុន្តែ Man UTD នៅតែមិនដំណើរការល្អ ដោយទទួលលទ្ធផលការប្រកួតខកចិត្តជាបន្តបន្ទាប់។
បន្ថែមពីនេះក្លិបកំពុងត្រៀមក្នុងការកាត់បុគ្គលិកក្លិបជាលើកទី២ ដែលមានចំនួនប្រមាណ២០០នាក់ថែមទៀត។ អ្នកគាំទ្រក៏បានតវ៉ាជាមួយក្លិបអំពីការដំឡើងថ្លៃសំបុត្រក្នុងការប្រកួតដល់ ៦៦ ផោន ដោយមិនមានការលើកលែង មិនថា កុមារ ឬ អ្នកចូលនិវត្តន៍។
ក្រុមអ្នកតវ៉ា ក៏បានសំដៅទៅលើចំនួនទឹកប្រាក់ ១ពាន់លានផោន ដែលបានចំណាយលើការកាត់កងបំណុលដែលរបស់ Man UTD នៅពេលដែលគ្រួសារ Glazer បានទិញក្លិបក្នុងឆ្នាំ ២០០៥។ បំណុលសរុបបច្ចុប្បន្នរបស់ Man UTD គឺលើសពី១ពាន់លានផោន។
អ្នកនាំពាក្យរបស់ក្រុមអ្នកតវ៉ា The 1958 លោក Chris Haymes អោយដឹងថា លោក Jim Ratcliffe ត្រូវតែធ្វើការសម្រេចចិត្តដ៏លំបាកមួយចំនួន ប៉ុន្តែគាត់ហាក់ដូចជាខែលសម្រាប់ Glazers នៅពេលនេះ។ របៀបដែល Glazers ទិញក្លិបគឺជាខកចិត្តរបស់អ្នកគាំទ្រអស់រយៈពេល ២០ ឆ្នាំមកហើយ។ ដំណោះស្រាយគឺ Glazers ត្រូវចាកចេញពីក្លិប៕