×

Arsenal កាន់តែខើចក្តីសង្ឃឹមប្រជែងជើងឯក Premier League ក្រោយស្មើ Man UTD

ក្រុម Arsenal បានត្រឹមលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុម Man UTD នៅក្នុងជំនួបក្របខណ្ឌ Premier League ដែលធ្វើឡើងកាលពីយប់មិញ។

ជំនួបរវាងក្រុមទាំង២នាកីឡដ្ឋាន Old Trafford ក្រុមម្ចាស់ផ្ទះ Man UTD ជាអ្នករកបានគ្រាប់បាល់នាំមុខមុនដោយ Bruno Fernandes នៅក្នុងនាទី៤៥+២ មុនចប់វគ្គទី១។

នៅក្នុងវគ្គទី២ ក្រុមភ្ញៀវ Arsenal បានព្យាយាមក្នុងការវាយសម្រុកបកទៅវិញ ហើយក៏រកបានគ្រាប់បាល់តាមស្មើដោយ Declan Rice នៅក្នុងនាទី៧៤។ ការប្រកួតរវាងកីឡាករក្រុមទាំងសងខាងនៅបន្ត យ៉ាងមមាញឹកដដែល ប៉ុន្តែមិនមានកីឡាកររបស់ក្រុមណាមួយអាចធ្វើការស៊ុតគ្រាប់បាល់បំប៉ោងសំណាញ់ទីរបស់គូប្រជែងបានទៀតទេទើបគ្រាប់បាល់ស្មើគ្នា ១-១ នេះបានរក្សារហូតដល់ចប់ការប្រកួតតែម្តង។

ការដឹកនាំការប្រកួតនៅ Premier League គម្រប់២០០ប្រកួតរបស់គ្រូបង្វឹក Arsenal លោក Mikel Arteta មិនបានមានភាពរំភើបរំជើបរំជួលទេ ដោយសារការទទួលបានលទ្ធផលស្មើគ្នា ដែលធ្វើអោយក្តីសង្ឃឹមប្រជែងជើងឯកលីគកំពូលអង់គ្លេសរបស់ក្រុមកាំភ្លើងធំ កាន់តែខើចខ្លី ខណៈការប្រកួតនៅសល់តែ១០ប្រកួតទៀត។ នៅពេលដែលត្រូវបានសួរនាំអំពីឱកាសនៃការប្រជែងជើងឯក Premier League នៃរដូវកាលនេះ លោក Mikel Arteta នៅតែអះអាងថា ក្រុមរបស់ខ្លួននឹងនៅតែតស៊ូរហូតដល់នាទីចុងក្រោយនៃការប្រកួត។

គ្រូបង្វឹកជនជាតិអេស្ប៉ាញបានថ្លែងដូច្នេះ “ យើងដឹងថា ក្រុមរបស់យើងកំពុងស្ថិតក្នុងស្ថានភាពបែបណា ប៉ុន្តែយើងមានកាតព្វកិច្ច ក្នុងការព្យាយាមគ្រប់ការប្រកួត ប្រសិនបើយើងនៅចង់ទទួលបានជោគជ័យ។ ខ្ញុំគិតថា វាមិនមែនជាពេលដែលត្រូវបារម្ភខ្លាំងអំពីការប្រជែងជើងឯកនោះទេ អ្វីដែលយើងត្រូវធ្វើគឺការតស៊ូនៅគ្រប់ការប្រកួតទាំងអស់។”

គិតត្រឹមសប្តាហ៍ទី២៨នេះ Arsenal នៅបន្តឈរលេខ២ មាន ៥៥ពិន្ទុ ឃ្លាតពីក្រុមកំពូលតារាង Liverpool ១៥ពិន្ទុ។ រីឯ Man UTD នៅឈរលេខ១៤ មាន ៣៤ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង