×

Everton ត្រៀមប្រជែងនាំយកខ្សែប្រយុទ្ធ Hamza Igamane ពីក្លិបស្កុតឡេន Rangers

Everton ត្រៀមប្រជែងជាមួយក្លិបនានាដើម្បីនាំយកខ្សែប្រយុទ្ធ Hamza Igamane ពីក្លិបស្កុតឡេន Rangers ខណៈក្លិបចង់ពង្រឹងប្រព័ន្ធវាយប្រយុទ្ធរបស់ក្រុមនៅមុនទីផ្សារដោះដូរកីឡាកររដូវក្តៅ។

កីឡាករម៉ារ៉ុក បានបង្ហាញសមត្ថភាពគួរអោយចាប់អារម្មណ៍ ជាមួយ Rangers ដោយរកបាន ១៣ គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៥ លើក គ្រប់ការប្រកួត។ សមត្ថភាពរបស់ Hamza Igamane មិនត្រឹមតែទាក់ទាញក្រសែភ្នែករបស់ Everton ទេ ប៉ុន្តែក្លិបដទៃទៀតដូចជា Tottenham Hotspur, Sevilla និង Marseille ក៏កំពុងចាប់អារម្មណ៍រូបគេ ផងដែរ។ Everton បានសម្រេចចិត្តចូលរួមការប្រជែងនាំយកកីឡាករវ័យ២២ឆ្នាំ ហើយមានការរំពឹងខ្ពស់ថា នឹងអាចផ្តល់លក្ខខណ្ឌដ៏ល្អក្នុងការអន្ទងចិត្តរបស់គេបាន នៅពេលដែលទីផ្សារដោះដូរកីឡាករបើកនៅរដូវ ក្តៅ។ កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់ Igamane ដំណើរការរហូតដល់ឆ្នាំ ២០២៩ ដោយផ្តល់អោយ Rangers នូវជំហររឹងមាំក្នុងការចរចាជាមួយក្លិបណាមួយ។

ប្រភពពី Transfermarkt ជឿថា Hamza Igamane អាចមានតម្លៃ ២,៥លានអឺរ៉ូ ប៉ុន្តែ មានការជឿថា ក្លិបម្ចាស់ជើងឯកស្កុតឡេនអាចនឹងទាមទារតម្លៃខ្ពស់ជាងនេះទៀត។ នៅខណៈពេលជាមួយគ្នានោះ Everton អាចនឹងបញ្ចប់ដំណើររួមរស់ជាមួយខ្សែប្រយុទ្ធ Dominic Calvert-Lewin នៅពេលដែលកិច្ចសន្យារបស់គេនឹងផុតនៅរដូវក្តៅ ហើយពួកគេក៏នឹងបញ្ចប់ការខ្ចីជើងរបស់ខ្សែប្រយុទ្ធ Armando Broja ពីក្លិប Chelsea ផងដែរ បន្ទាប់ពីរូបគេមានទម្រង់លេងមិនល្អ និងតែងតែមានបញ្ហារបួសជាបន្តបន្ទាប់។ នេះមានន័យថា Everton នឹងនៅសល់ជម្រើសខ្សែប្រយុទ្ធ តែកីឡាករ Beto ហើយក្រុមរបស់លោក David Moyes ពិតជាត្រូវការជម្រើសខ្សែប្រយុទ្ធថ្មីជាចាំបាច់ ហើយ Hamza Igamane នឹងក្លាយជាគោលដៅ ដែលពួកគេត្រូវតែប្រជែងផ្ទេរយកមករួមក្រុមអោយបាន។

Hamza Igamane មិនទាន់បង្ហាញទម្រង់លេងអោយក្រុមឈុតធំជម្រើសជាតិម៉ារ៉ុកនៅឡើយទេ ប៉ុន្តែជាមួយនឹងការបង្ហាញសមត្ថភាពលេចធ្លោក្នុងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ រូបគេអាចត្រូវកោះហៅចូលក្រុមឈុតធំក្នុងពេលឆាប់ៗ ជាពិសេសប្រសិនបើគេអាចមានឱកាសបង្ហាញសមត្ថភាពនៅក្នុងក្របខណ្ឌ Premier League នោះវានឹងកាន់តែធ្វើអោយរូបគេអភិវឌ្ឈន៍កាន់តែខ្លាំង។

Everton កំពុងឡើងជើងវិញក្រោមការដឹកនាំរបស់លោក David Moyes ដោយចាញ់តែ២លើកប៉ុណ្ណោះ ក្នុងការដឹកនាំ ១០ប្រកួតកន្លងមក ហើយប្រសិនបើពួកគេអាចបន្តរក្សាសមត្ថភាពបច្ចុប្បន្នបាន នោះឱកាសក្នុងការអភិវឌ្ឈក្រុម និងការប្រជែងពាន អាចនឹងមានច្រើនសម្រាប់ក្រុមរហស្សនាមស្ករគ្រាប់នៅរដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង