×

West Ham នឹងលក់ខ្សែការពារ Konstantinos Mavropanos នៅរដូវក្តៅខាងមុខ

West Ham United ចង់ធ្វើការផ្លាស់ប្តូរដ៏សំខាន់មួយនៅរដូវក្តៅខាងមុខនេះ ខណៈគ្រូបង្វឹកលោក Graham Potter ចង់កសាងក្រុមឡើងវិញបន្ទាប់ពីយុទ្ធនាការ Premier League ដ៏លំបាក។

បច្ចុប្បន្ន West Ham កំពុងឈរនៅលេខរៀងទី ១៦ ក្នុងតារាង Premier League ដោយពួកគេបានជួបការលំបាកក្នុងរដូវកាលនេះបន្ទាប់ពីការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Julen Lopetegui។ លោក Graham Potter ក៏បានចូលកាន់តំណែងបន្តហើយកំពុងរៀបចំផែនការពង្រឹងក្រុមនៅមុនការចាប់ផ្តើមរដូវកាលក្រោយ។ ផ្នែកសំខាន់មួយក្នុងការកសាងក្រុមឡើងវិញរបស់ West Ham គឺប្រព័ន្ធការពារ។

ប្រភពពី The Mirror អោយដឹងថា West Ham បានត្រៀមខ្លួនជាស្រេចដើម្បីចែកផ្លូវជាមួយខ្សែការពារ Konstantinos Mavropanos ។ កីឡាករក្រិច បានផ្លាស់មកពី Stuttgart កាលពីខែសីហា ឆ្នាំ ២០២៣ តម្លៃ ២៥ លានអឺរ៉ូ ប៉ុន្តែរូបគេមិនត្រូវបានចាត់ទុកជាខ្សែការពារដែល West Ham អាចទុកចិត្តបានទៀតនោះទេ។ រដូវកាលនេះ កីឡាករវ័យ២៧ឆ្នាំ បានបង្ហាញខ្លួនចំនួន ២៥ ដងនៅគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែការលេងដែលមិនជាប់លាប់បានធ្វើអោយមានការសង្ស័យចំពោះអនាគតរបស់គេ។ ឥឡូវនេះ របាយការណ៍បង្ហាញហើយថា Mavropanos អាចត្រូវក្លិបញញួរយក្សលក់ចេញនៅទីផ្សាររដូវក្តៅខាងមុខ។

ស្របពេលដែល West Ham ចង់លក់ Konstantinos Mavropanos នោះ ក៏មានបង្ហើបថា ក្លិបបានសម្លឹងឃើញកីឡាករថ្មីមួយរូបមកជំនួសវិញនោះគឺខ្សែការពារ Koni De Winter របស់ក្លិបអ៊ីតាលី Genoa។

កីឡាករសញ្ជាតិបែលហ្ស៊ិក ដំបូងបានចូលរួមជាមួយ Genoa ក្នុងលក្ខខណ្ឌខ្ចីជើងពី Juventus មុនពេលផ្លាស់ប្តូរជាអចិន្ត្រៃយ៍ក្នុងតម្លៃ ៨ លានអឺរ៉ូកាលពីរដូវក្តៅមុន។ នៅអាយុត្រឹមតែ ២២ ឆ្នាំ De Winter ត្រូវបានមើលឃើញពីសមត្ថភាពលេងបាល់ និងការយល់ដឹងពីគន្លឹះនៅលើទីលាន ដែលស័ក្កសមនឹងទម្រង់ខ្សែការពារតាមប្រព័ន្ធរបស់លោក Graham Potter។ រដូវកាលនេះ De Winter បានបង្ហាញខ្លួនចំនួន ១៧ដង នៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ បើទោះបីជាខកខានលេងមួយរយៈព្រោះរបួសសរសៃពួរក៏ដោយ។

សមត្ថភាពរបស់ De Winter ក្នុងការការពារ និងបង្កើតឱកាសអោយមិត្តរួមក្រុម បានធ្វើអោយរូបគេក្លាយជាការរំពឹងទុកដ៏ខ្ពស់សម្រាប់ការរៀបចំរចនាសម្ព័ន្ធការពាររបស់ West Ham ។ ប្រសិនបើ West Ham បញ្ចប់ការចុះហត្ថលេខាលើ De Winter ដោយជោគជ័យ ហើយពួកគេអាចបញ្ចេញ Konstantinos Mavropanos បានមែន នោះវានឹងបង្ហាញថាក្លិបបានទទួលជោគជ័យមួយជំហានក្នុងការផ្លាស់ប្តូរក្រុមត្រៀមសម្រាប់រដូវកាលក្រោយ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង