ក្លិប Nottingham Forest បានចាញ់ការប្តឹងតវ៉ាប្រឆាំងនឹងការផាកពិន័យចំនួន ៧៥ម៉ឺន ផោនចំពោះការបង្ហោះនៅលើបណ្តាញសង្គមរិះគន់មន្ត្រីជំនួយការអាជ្ញាកណ្តាល VAR លោក Stuart Attwell។
Nottingham Forest បានត្អូញត្អែរលើបណ្តាញសង្គម X អំពីការសម្រេចចិត្តពិន័យចំនួន ៣ដង លើក្រុមក្នុងអំឡុងពេលចាញ់នៅទឹកដី Everton ២-០ ក្នុងជំនួបក្របខណ្ឌ Premier League នៅ ថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២៤ ។
ការបង្ហោះរបស់ក្លិបបាននិយាយថាពួកគេបាន ព្រមានស្ថាប័នអាជ្ញាកណ្តាល PGMOL ថា លោក Stuart Attwell ដែលជាមន្ត្រី VAR សម្រាប់ការប្រកួតគឺជាអ្នកគាំទ្ររបស់ក្រុមគូប្រជែង ដែលធ្វើអោយការកាត់ក្តីក្នុងការប្រកួតមានភាពលំអៀង និងបន្ថែមថា ការអត់ធ្មត់របស់ក្លិបត្រូវបានសាកល្បងជាច្រើនដង។
ការបង្ហោះសារនោះធ្វើអោយសមាគមបាល់ទាត់អង់គ្លេស FA សម្រេចផាកពិន័យ Nottingham Forest កាលពីខែតុលា ពីបទវាយប្រហារលើសុចរិតភាពរបស់មន្ត្រីកាត់ក្តីការប្រកួត។ ទោះយ៉ាងណា Nottingham Forest បានអះអាងថា ការផាកពិន័យនោះគឺមិនសមាមាត្រ និង បានធ្វើការប្តឹងឧទ្ទរណ៍ប្រឆាំងវិញ ប៉ុន្តែបណ្តឹងរបស់ក្លិបមិនបានទទួលជោគជ័យនោះទេ។
ក្រុមប្រឹក្សាឧទ្ធរណ៍របស់ FA បានចេញសេចក្តីប្រកាសថា “តាមទស្សនៈរបស់ FA ការផាកពិន័យ គឺសមស្របទាំងស្រុងសម្រាប់បទល្មើសដ៏ធ្ងន់ធ្ងរនេះ។ លក្ខណៈដ៏ធ្ងន់ធ្ងរនៃបទល្មើសរបស់ Nottingham Forest គឺការបង្ហោះសារដែលត្រូវបានមើលដោយមនុស្សរាប់លាននាក់។ វានឹងបង្កភាពលំបាកដល់មន្ត្រីប្រកួត និងក្រុមគ្រួសាររបស់ពួកគេ។”
ការបរាជ័យក្រោមថ្វីជើង Everton នៅពេលនោះ បានធ្វើអោយ Nottingham Forest ប្រឈមនឹងគ្រោះថ្នាក់ក្នុងការធ្លាក់ចេញពីក្របខណ្ឌ Premier League។ ជាសំណាងល្អ ពួកគេនៅតែអាចរក្សាកៅអីរបស់ខ្លួនបាន ដោយបញ្ចប់រដូវកាល ២០២៣-២៤ ក្នុងចំណាត់ថ្នាក់លេខ១៧ ពីលើតំបន់កាត់ចោល ៦ពិន្ទុ នឹងអាចបន្តលេងក្នុងក្របខណ្ឌ Premier League រដូវកាល ២០២៤-២៥ នេះបានទៀត៕