×

Arsenal កាន់តែកៀកការនាំយកខ្សែបម្រើ Nico Williams ពី Athletic Bilbao

ខ្សែបម្រើ Nico Williams ត្រូវបានរាយការណ៍ថា នឹងចាកចេញពីក្លិប Athletic Bilbao ដើម្បីមកចូលរួមជាមួយក្លិប Arsenal នៅរដូវក្តៅខាងមុខ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Caught Offside។

កីឡាករអេស្ប៉ាញ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកីឡដ្ឋាន Emirates អស់រយៈពេលជាងមួយឆ្នាំហើយ ដោយ Arsenal បានជំរុញយ៉ាងខ្លាំងក្នុងការនាំយករូបគេមកក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ ២០២៤ ។ ទោះជាយ៉ាងណា ទីបំផុត Nico Williams បានសម្រេចចិត្តបន្តនៅ Athletic Bilbao បន្ទាប់ពីជោគជ័យក្នុងការប្រកួតជើងឯកអឺរ៉ុបជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ។

ថ្វីបើមានការខកចិត្តក៏ដោយ ក៏ក្រុមរបស់គ្រូបង្វឹក លោក Mikel Arteta បានរក្សាការចាប់អារម្មណ៍របស់លើកីឡាករវ័យ២២ឆ្នាំ ហើយឥឡូវនេះមានការអះអាងថាទីបំផុត Arsenal បានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចុះហត្ថលេខាលើ Nico Williams ដោយឥឡូវនេះភ្នាក់ងាររបស់គេកំពុងចរចាដើម្បីបញ្ចប់លក្ខខណ្ឌចុងក្រោយជាមួយក្រុមកាំភ្លើងធំ។

ការកៀកការនាំយក Nico Williams មកចូលរួមជាមួយខ្លួននោះ Arsenal ហាក់ដូចជាបានយកឈ្នះលើការប្រកួតប្រជែងពីក្លិបធំៗមួយចំនួ រួមមាន Barcelona, Chelsea, Liverpool, Manchester United និង Aston Villa ដែលក្លិបនីមួយៗត្រូវបានភ្ជាប់ជាមួយ Nico Williams នាពេលកន្លងមក។

Arsenal អាចនឹងប្រើប្រាស់ការទិញផ្តាច់កុងត្រា Nico Williams ដែលមានតម្លៃ ៥៨ លានអឺរ៉ូ នៅពេលដែលទីផ្សាររដូវក្តៅបើក ហើយរូបគេត្រូវបានគេរំពឹងថានឹងក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ក្លិប។

Nico Williams ត្រូវបានគេរំពឹងថានឹងចូលទីក្នុងប្រព័ន្ធរបស់លោក Mikel Arteta ជាខ្សែបម្រើស្លាបឆ្វេងជម្រើសដំបូងរបស់ក្រុមដោយវ៉ាដាច់ទាំង Leandro Trossard និង Gabriel Martinelli ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង