ខ្សែការពារ Diogo Dalot របស់ក្លិប Man UTD ត្រូវបានរាយការណ៍ថា បានទទួលការចាប់អារម្មណ៍ពីក្លិបធំៗចំនួន២នៅអឺរ៉ុប ហើយត្រៀមប្រជែងគ្នាផ្ទេរយករូបគេ នោះគឺក្លិបអាល្លឺម៉ង់ Bayern Munich និងក្លិបអេស្ប៉ាញ Real Madrid ។
ប្រភពពី Outlet Team Talk បានបង្ហាញថា កីឡាករវ័យ២៥ឆ្នាំ ត្រូវបានគ្រូបង្វឹក Bayern Munich លោក Vincent Kompany ចាប់អារម្មណ៍ ដោយសារទម្រង់លេងស្ថិតស្ថេររបស់គេ។ Diogo Dalot ត្រូវបានមើលឃើញថាមានសារៈសំខាន់ ទាំងក្នុងគម្រោងអតីតគ្រូបង្វឹកលោក Erik ten Hag និងគ្រូបង្វឹក Man UTD បច្ចុប្បន្ន លោក Ruben Amorim ហើយរូបគេជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដែលលេងបានជាប់លាប់បំផុត។ យ៉ាងណា ការនាំយក Noussair Mazraoui និង Patrick Dorgu បានបង្កើនជម្រើសរបស់ Man UTD ដែលអាចផ្តល់អោយក្លិបនូវឱកាសស្វែងរកប្រាក់ចំណេញចំពោះការបញ្ចេញ Diogo Dalot ទោះជារូបគេនៅសល់កុងត្រារយៈពេល ៣ ឆ្នាំទៀតក៏ដោយ។
សម្រាប់ Real Madrid វិញ ត្រូវបានដឹងថា ចាប់អារម្មណ៍ Diogo Dalot មួយរយៈមកហើយ ដោយពួកគេចាត់ទុកកីឡាករព័រទុយហ្កាល់ជាជម្រើសបន្ទាប់ដ៏មានសក្តានុពល បើសិនជាមិនអាចផ្ទេរយកគោលដៅចម្បងគឺខ្សែការពារ Trent Alexander-Arnold របស់ Liverpool បាន។
ភាពរឹងមាំរបស់ Diogo Dalot គឺជាចំណុចដ៏សំខាន់មួយ។ រូបគេមិនបានខកខានការប្រកួតដោយសាររបួសចាប់តាំងពីខែកុម្ភៈឆ្នាំ២០២៣ ហើយបានក្លាយជាកីឡាករមួយក្នុងចំណោមកីឡាករដែលគួរអោយទុកចិត្តបំផុតរបស់ Man UTD ។
សមត្ថភាពរបស់ Diogo Dalot ក៏មិនអាចមើលរំលងបាន ដោយរូបគេអាចស៊ុតបញ្ចូលទីចំនួន ៧ គ្រាប់ និង ចែកបាល់សម្រេចទី១៣ ដងក្នុងរយៈពេល ១៥៦៨៦ នាទីសម្រាប់ Man UTD ។ ទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍កាលពីរដូវកាលមុន បានធ្វើអោយរូបគេទទួលបានពានរង្វាន់កីឡាករឆ្នើមប្រចាំរដូវកាលរបស់ក្លិបផងដែរ។
បន្ទាប់ពីបង្ហាញខ្លួនបាន៨ ដងសម្រាប់ Porto នោះ Diogo Dalot បានផ្លាស់ទៅ Man UTD ក្នុងខែមិថុនា ឆ្នាំ ២០១៨ ដោយក្លិបបិសាចក្រហមត្រូវបានគេរាយការណ៍ថា បានចំណាយប្រាក់ ២២ លានអឺរ៉ូ សម្រាប់ការនាំយករូបគេមកចូលរួម។ ក្រោយមក Diogo Dalot បានចំណាយពេលមួយរដូវកាលក្នុងលក្ខខណ្ឌខ្ចីជើងនៅ AC Milan ដោយចូលរួមជាមួយក្រុម Serie A ចាប់ពីខែតុលា ឆ្នាំ ២០២០ ដល់ខែមិថុនា ឆ្នាំ ២០២១៕