
ក្លិប Man UTD បានបង្ហាញគម្រោងសាងសង់កីឡដ្ឋានថ្មី New Trafford ដែលមានតម្លៃប្រមាណ ២ ពាន់លានផោន ដែលនឹងក្លាយជាកីឡដ្ឋានដ៏ធំបំផុតក្នុងចក្រភពអង់គ្លេស។
កីឡដ្ឋាននេះ នឹងមានកន្លែងសម្រាប់អង្គុយប្រមាណ ១០ម៉ឺនកន្លែង ហើយវានឹងត្រូវសាងសង់នៅក្បែរកីឡដ្ឋាន Old Trafford របស់ក្លិប។ ប្រភពពី BBC អោយដឹងថា ក្រោយពេលសាងសង់កីឡដ្ឋានថ្មីរួច កីឡដ្ឋានចាស់ Old Trafford ដែលជាទឹកដីប្រកួតរបស់ក្រុមបិសាចក្រហមតាំងឆ្នាំ ១៩១០ អាចនឹងត្រូវកំទេចចោល ដោយមិនប្រើប្រាស់ជាទឹកដីសម្រាប់ក្រុមនារី Man UTD ឬ ក្រុមយុវជនរបស់ក្លិបឡើយ ។
គម្រោងកីឡដ្ឋានថ្មីរបស់ Man UTD បានបង្ហាញនូវការរចនាដ៏គួរអោយទាក់ទាញ ដោយក្រុមហ៊ុន Foster and Partners ដែលមានសណ្ឋានដូចជាឆ័ត្រដ៏ធំ ហើយកីឡដ្ឋានថ្មីនេះក៏នឹងមានសួនកម្សាន្តសាធារណៈ ដែលមានទំហំធំជាងទ្វេដងនៃសួន Trafalgar Square ស្ថិតនៅកណ្តាលទីក្រុងឡុងដ៍។ ការរចនានេះមាននូវបង្គោលចំនួន៣ដែលត្រូវបានហៅថា បង្គោលត្រីកោណ ដោយវានឹងមានកម្ពស់ ២០០ម៉ែត្រ ហើយភូមិសាស្ត្រនៅទីនោះ ធ្វើអោយអ្នកគាំទ្រអាចមើលឃើញផ្នែកដ៏ពិសេសនៃកីឡដ្ឋានថ្មីរបស់ក្លិប Man UTD តាំងពីចម្ងាយ ៤០គីឡូម៉ែត្រឯណោះ។
Man UTD ដែលបច្ចុប្បន្នកំពុងជំពាក់បំណុល១ពាន់លានផោន មិនទាន់បង្ហើបពីរបៀបដែលពួកគេគ្រោងចំណាយលើកីឡដ្ឋាននេះទេ។ នាយកប្រតិបត្តិក្លិបលោក Omar Berrada បាននិយាយថា វាគឺជា ឱកាសវិនិយោគដ៏គួរអោយទាក់ទាញមួយ ហើយលោកមានទំនុកចិត្តយ៉ាងខ្លាំងថាក្លិបនឹងស្វែងរកមធ្យោបាយផ្តល់ហិរញ្ញប្បទានដល់កីឡដ្ឋានថ្មី។
កីឡដ្ឋាននេះនឹងក្លាយជាផ្នែកមួយនៃការបង្កើតឡើងវិញយ៉ាងទូលំទូលាយនៃតំបន់ Old Trafford ដោយក្នុងនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក Rachel Reeves បានផ្តល់ការគាំទ្រសម្រាប់ផែនការនេះ។
ដោយឡែក Man UTD ក៏បានបន្ថែមដែរថា គម្រោងនេះអាចបង្កើតការងារថ្មីដល់ទៅ ៩២០០០ កន្លែង នាំយកអ្នកទេសចរណ៍ ១,៨ លាននាក់ ហើយនឹងនាំទៅដល់ការសាងសង់ផ្ទះចំនួន ១៧០០០ ខ្នងទៀត ដែលនឹងផ្តល់ចំណូលបន្ថែមដល់ទៅ ៧,៣ ពាន់លានផោនក្នុងមួយឆ្នាំដល់សេដ្ឋកិច្ចអង់គ្លេស៕