×

Crystal Palace បើកការពិភាក្សាបន្តកុងត្រាថ្មីជាមួយគ្រូបង្វឹកលោក Oliver Glasner

ក្លិប Crystal Palace បានបើកការពិភាក្សាជាមួយគ្រូបង្វឹកលោក Oliver Glasner អំពីការបន្តកុងត្រា។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាន BBC។

ការពិភាក្សាត្រូវបានដឹងថាស្ថិតក្នុងដំណាក់កាលដំបូង ដោយកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់បុរសជនជាតិអូទ្រីសនឹងដំណើរការរហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយ។

ថ្មីៗនេះ លោក Oliver Glasner បានប្រារព្ធគម្រង់ខួបការដឹកនាំពេញមួយរដូវកាលដំបូងរបស់ខ្លួនជាមួយ Crystal Palace ដែលបច្ចុប្បន្នកំពុងឈរលេខរៀងទី១១ ក្នុងតារាងពិន្ទុ ក្របខណ្ឌ Premier League និងបានឈានដល់វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup ដែលត្រូវប៉ះ Fulham នៅថ្ងៃទី ២៩ ខែមីនា។

បុរសវ័យ៥០ឆ្នាំ ធ្លាប់បានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបអាល្លឺម៉ង់ Bayern Munich កាលពី រដូវកាលមុន បន្ទាប់ពីជួយ Crystal Palace ឈ្នះការប្រកួត ៦លើក ក្នុងចំណោមការប្រកួត៧ប្រកួតចុងក្រោយ ដែលធ្វើអោយពួកគេបញ្ចប់ចំណាត់ថ្នាក់ពាក់កណ្តាលតារាង នៃការប្រកួតលីគកំពូលអង់គ្លេស។

ឥឡូវនេះ Crystal Palace ក៏កំពុងទទួលបានលទ្ធផលល្អបន្តទៀត ដោយបានឈ្នះ ១០ ប្រកួតក្នុងចំណោម ១៣ ប្រកួតចុងក្រោយគ្រប់កម្មវិធីទាំងអស់ ហើយចាញ់តែម្តងគត់។

ការពិភាក្សាដំបូងបានចាប់ផ្តើមជាមួយនឹង ថ្នាក់ដឹកនាំរបស់ក្លិបអំពីផែនការសម្រាប់រដូវកាលក្រោយ ហើយពួកគេកំពុងសម្លឹងរកការទាញយកប្រយោជន៍ពីវឌ្ឍនភាពដែលកំពុងកើតឡើង ក្រោមការដឹកនាំរបស់លោក Oliver Glasner ដែលបានមកកាន់តំណែងនៅទឹកដី Selhurst Park បន្ទាប់ពីការដឹកនាំរយៈពេល ២ ឆ្នាំនៅក្លិបអាល្លឺម៉ង់ Eintracht Frankfurt ។

បច្ចុប្បន្ន Crystal Palace កំពុងស្ថិតក្នុងសម្រាកពាក់កណ្តាលរដូវកាល មុនពេលទៅជួប Fulham វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FA Cup នៅថ្ងៃទី ២៩ ខែមីនា រួចបន្តទៅកាន់ការប្រកួតក្របខណ្ឌ Premier League វិញ ដោយត្រូវប៉ះ Southampton នៅថ្ងៃទី២ ខែមេសា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង