ក្លិប Newcastle United កំពុងជំរុញទៅមុខជាមួយនឹងគម្រោងផ្ទេរកីឡាករក្នុងទីផ្សារដោះដូររដូវក្តៅខាងមុខ ដោយពួកគេត្រូវបានផ្សារភ្ជាប់ការនាំយកខ្សែប្រយុទ្ធ Liam Delap របស់ ក្លិប Ipswich Town ។
កីឡាករអង់គ្លេស វ័យ២២ឆ្នាំ ត្រូវបានដឹងថា មានការចាប់អារម្មណ៍ពីក្លិបដទៃនៅ Premier League ហើយក្លិប Ipswich Town អាចនឹងលក់កីឡាករឆ្នើមរបស់ខ្លួនក្នុងតម្លៃត្រឹមតែ ៤០លានផោនប៉ុណ្ណោះ។ គ្រូបង្វឹក Newcastle United លោក Eddie Howe មានបំណងចង់ពង្រឹងជម្រើសខ្សែប្រយុទ្ធរបស់ក្រុមបន្ថែមទៀតដ្បិតអីទោះបីជារដូវកាលនេះពួកគេធ្វើបានល្អច្រើន ប៉ុន្តែបញ្ហាកីឡាកររបួស ការធ្លាក់ចុះទម្រង់លេងបានធ្វើអោយក្រុមខ្វះខ្សែប្រយុទ្ធមុតស្រួច ដែលអាចទុកចិត្តបាន ដូច្នេះ តម្រូវការពង្រឹងតំបន់ប្រយុទ្ធគឺជាអ្វីដែលក្រុមត្រូវធ្វើ។
យុទ្ធសាស្ត្ររបស់ Newcastle United គឺចុះហត្ថលេខាលើកីឡាករដែលមានឥទ្ធិពលភ្លាមៗ ហើយក៏សមស្របទៅនឹងចក្ខុវិស័យរយៈពេលវែងរបស់ក្រុមផងដែរ។ ការស្វែងរកការបន្ថែមខ្សែប្រយុទ្ធជាបន្តបន្ទាប់របស់ Newcastle United កើតឡើងបន្ទាប់ពីមានព័ត៌មានដែលថា Alexander Isak មិនទាន់ច្បាស់លាស់ជាមួយក្លិបនោះទេ បើមិនមានកៅអី UEFA Champions League។ Alexander Isak បានទទួលការចាប់អារម្មណ៍ពីក្លិបធំៗដទៃដូចជា Arsenal និង Liverpool និង Barcelona ដែលជាក្រុមតែងតែមានកៅអីលេងពានរង្វាន់ UEFA Champions League។
ការចាប់អារម្មណ៍ពីក្លិបធំៗទាំងនោះ អាចកែប្រែអនាគតរបស់ Alexander Isak ក្លាយទៅជាការផ្ទេរដ៏ធំបំផុតមួយក្នុងរដូវក្តៅនេះ។ កីឡាករវ័យ២៥ឆ្នាំមានកិច្ចសន្យានៅកីឡដ្ឋាន St James’ Park រហូតដល់ឆ្នាំ ២០២៨ ហើយ Newcastle United មិនចង់បាត់បង់កីឡាកររូបនេះទេប៉ុន្តែ ប្រសិនបើមិនអាចរក្សារូបគេបាន ក្លិបត្រូវតែស្វែងរកជម្រើសខ្សែប្រយុទ្ធដែលមានគុណភាពជាច្រើនរូបទៀត ហើយ Liam Delap របស់ Ipswich Town នឹងក្លាយជាការផ្ទេរដ៏មានសក្កដានុពលមួយ។ សម្រាប់តម្លៃ ៤០លានផោន ដែល Ipswich Town ចង់លក់កីឡាកររូបនេះ នឹងមិនជាបញ្ហាដល់ Newcastle United ឡើយ បន្ទាប់ពួកគេបានទទួលផលចំណេញពីការលក់ Yankuba Minteh ទៅ Brighton និង Elliot Anderson ទៅ Nottingham Forest កាលពីរដូវក្តៅរួចមក៕