×

គ្រូ Aston Villa ថា ក្រុមខ្លួនកាន់តែមានភាពល្អឡើង ក្រោយបន្តឈ្នះ Club Brugge

លោក Unai Emery គ្រូបង្វឹក Aston Villa បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងទៅលើការលេងរបស់កូនក្រុមខ្លួន ក្រោយពីពួកគេបានបន្តឈ្នះ Club Brugge ក្នុងជំនួបពានរង្វាន់ UEFA Champions League ជើងទី២ វគ្គ១៦ក្រុមចុងក្រោយ។

ការប្រកួតវគ្គទី១នាកីឡដ្ឋាន Villa Park កាលពីយប់មិញ មិនមានគ្រាប់បាល់កើតឡើងនោះទេ ប៉ុន្តែ ក្រុមភ្ញៀវ Club Brugge ត្រូវសល់គ្នាតែ១០នាក់ក្រោយពីកីឡាករ Kyriani Sabbe ត្រូវពិន័យកាតក្រហមនៅនាទី១៧។

នៅក្នុងវគ្គទី២ ក្រុមម្ចាស់ផ្ទះ Aston Villa បានបង្កើនការវាយសម្រុក ហើយក៏បំបែកភាពស្ងប់ស្ងាត់គ្មានគ្រាប់បាល់បានសម្រេចដោយ Marco Asensio នៅនាទី៥០។ រំលងពីនោះតែ ៧នាទី Ian Maatsen ក៏រកបានគ្រាប់ទី២សម្រាប់ Aston Villa មុនពេល Marco Asensio ដដែលបន្ថែមគ្រាប់ទី៣ នៅនាទី ៦១។ ងាកមកខាង Club Brugge វិញ មិនអាចរកឱកាសទាត់បាល់បញ្ចូលទីគូប្រកួតរបស់ខ្លួនបានទេ។ យ៉ាងណា នាទីដែលនៅសល់ក៏មិនមានការប្រែប្រួលដែរ ដោយលទ្ធផល Aston Villa ៣ Club Brugge ០ បានរក្សាដល់ចប់ការប្រកួត។

កាលពីការប្រកួតជើងទី១ Aston Villa បានឈ្នះ Club Brugge ដោយលទ្ធផល ៣-១ បូករួមទាំងជើងទី២នេះទៀត Aston Villa បានឈ្នះ Club Brugge ដោយលទ្ធផលសរុប ៦-១ ដែលធ្វើអោយពួកគេជាក្រុមដែលនឹងឡើងទៅកាន់វគ្គបន្ត។

ជាមួយនឹងការធ្វើបានល្អរបស់កូនក្រុម បានធ្វើអោយ គ្រូបង្វឹក Aston Villa លោក Unai Emery មានភាពរីករាយ និង លើកសរសើរថា ក្រុមខ្លួនកាន់តែមានភាពល្អឡើងជាលំដាប់។

គ្រូបង្វឹក វ័យ៥៣ឆ្នាំ បានអោយដឹងក្រោយចប់ការប្រកួតថា “ សម្រាប់ក្រុមរបស់យើងកាន់តែល្អឡើងៗហើយ។ វាពិតជាសំខាន់ ដែលយើងបានលេងក្នុងពានរង្វាន់ UEFA Champions League ហើយឈ្នះការប្រកួតជាបន្តបន្ទាប់ដូចនេះ។ នេះជាការលេងក្នុងកម្រិតខ្ពស់មួយ ហើយខ្ញុំរំភើបចិត្តណាស់។ យ៉ាងណា យើងចង់បានអ្វីខ្លាំងជាងនេះ នោះគឺជាការប្រកួតប្រជែងជាមួយក្រុមធំៗ ហើយយើងនឹងព្យាយាមបន្តទៀតនៅពេលប៉ះជាមួយពួកគេ។”

Aston Villa នឹងឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ដោយប៉ះក្រុម Paris Saint-Germain ដែលបានទម្លាក់ ក្រុម Liverpool៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង