ក្លិប Arsenal កំពុងពិចារណានៅក្នុងការពង្រីកនិងកែលំអកីឡដ្ឋាន Emirates បន្ទាប់ពីពួកគេត្រូវបានរាយការណ៍ថា បានជួបជជែកជាមួយក្រុមហ៊ុនរចនាស្ថាបត្យកម្មមួយ។ នេះបើតាមការផ្សព្វ ផ្សាយពីសារពត៌មាន Daily Mail។
ការជួបជជែករវាងក្លិប Arsenal និងក្រុមហ៊ុនរចនាស្ថាបត្យកម្មនោះ បានកើតឡើងនៅពេលដែលក្លិបគូប្រជែងនៅជុំវិញពួកគេកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីពង្រីកកីឡដ្ឋាន ឬក៏សាងសង់កីឡដ្ឋានថ្មីដើម្បីបន្ថែមចំណូលហិរញ្ញវត្ថុ។ តួយ៉ាង ក្លិប Man UTD ទើបតែបានប្រកាសពីគម្រោងសាងសង់កីឡដ្ឋានថ្មីមួយដែលមានតម្លៃ២ពាន់លានផោន ដែលវានឹងក្លាយជាកីឡដ្ឋានដ៏ធំបំផុតនៅចក្រភពអង់គ្លេស។
សម្រាប់កីឡដ្ឋាន Emirates របស់ក្លិប Arsenal បច្ចុប្បន្នជាកីឡដ្ឋានធំជាងគេលំដាប់ទី៥ ក្នុងចំណោមក្លិបនានានៅក្របខណ្ឌ Premier League ដោយមានចំនួនកៅអី៦០៧០៤កន្លែង។ បើកដំណើរការដំបូង កាលពីឆ្នាំ២០០៦កីឡដ្ឋាន Emirates ធ្លាប់ស្ថិតក្នុងលំដាប់ទី២ ជាកីឡដ្ឋានធំជាងគេសម្រាប់ក្លិបនៅលីគកំពូលអង់គ្លេស ប៉ុន្តែក្រោយមកក្លិបគូប្រជែងនានាដូចជា Tottenham Hotspur, West Ham និង Liverpool សុទ្ធតែបានកែប្រែកីឡដ្ឋានរបស់ខ្លួននិងបានវ៉ាដាច់ Arsenal រួចហើយ។
ទន្ទឹមនឹងនេះ Man City ក៏នឹងត្រៀមខ្លួនដណ្តើមចំណាត់ថ្នាក់កីឡដ្ឋានបច្ចុប្បន្នរបស់ Arsenal ក្នុងពេលឆាប់ៗដែរ ដោយពួកគេកំពុងពង្រីកទីតាំងខាងជើង ដែលនាំអោយកីឡដ្ឋាន Etihad អាចមានចំនួនកៅអីលើសពី ៦០០០០កន្លែង។ ការចំណាយ និងរយៈពេលនៃគម្រោងពង្រីកនិងកែលំអកីឡដ្ឋាន គឺជាកត្តាចម្បងសម្រាប់ក្លិប Arsenal ដែលត្រូវគិតគូ ព្រោះដើម្បីជៀសវាងការប៉ះពាល់ដល់តំបន់ជុំវិញនោះ។
ទោះយ៉ាងណា ពេលនេះក្លិប Arsenal ត្រូវតែសម្លឹងមើល ពីការកែប្រែកីឡដ្ឋាន Emirates របស់ពួកគេ ដោយវាទំនងជាត្រូវការការយល់ព្រមពីក្រុមប្រឹក្សារបស់ក្លិប ក៏ដូចជាការពិភាក្សាអំពីការដឹកជញ្ជូនឧបករណ៍សាងសង់ជាមួយរដ្ឋបាលទីក្រុងឡុងដ៍។
ថ្នាក់ដឹកនាំ ក្លិប Arsenal មួយរូបលោក Josh Kroenke បាននិយាយថា គម្រោងកែប្រែ កីឡដ្ឋាន Emirates នឹងមិនមានភាពងាយស្រួលនោះទេ ដោយសារទីតាំងភូមិសាស្ត្រនៅទីនោះ ប៉ុន្តែក្លិបនឹងសិក្សាពីលទ្ធភាពនៃការកែប្រែកីឡដ្ឋានអោយបានស៊ីជម្រៅជាងមុន។
ដោយឡែក ក្លិប Arsenal ត្រូវបានទាក់ទងដើម្បីសុំប្រើប្រាស់កីឡដ្ឋាន Emirates ធ្វើជាម្ចាស់ផ្ទះការប្រកួត UEFA Euro 2028 ប៉ុន្តែក្លិបបានបដិសេធ ហើយជំនួសមកវិញ ពួកគេបែរជាទទួលយកសំណើប្រើប្រាស់កីឡដ្ឋាននេះជាកន្លែងប្រគុំតន្ត្រីនិងព្រឹត្តិការណ៍ដទៃនៅក្នុងឆ្នាំ២០២៨ទៅវិញ៕