ខ្សែការពារ Virgil van Dijk របស់ Liverpool នៅតែមិនទាន់អាចបញ្ជាក់បាន ជុំវិញរឿងអនាគតរបស់ខ្លួនជាមួយក្លិបហង្សក្រហមគិតត្រឹមនាពេលនេះ។
កីឡាករជនជាតិហុល្លង់ បាននិយាយក្នុងបទសម្ភាសន៍មួយថា ខ្លួនគេនៅពេលនេះមិនអាចបញ្ជាក់អ្វីបានឡើយជុំវិញរឿងអនាគតនេះ។ នៅពេលនេះគេមិនដឹងថា នឹងមានរឿងអ្វីកើតឡើងទេនៅពេលចប់រដូវកាល គិតមកដល់ពេលនេះគ្មានអ្នកណាជជែកឬរំលឹករឿងកុងត្រាថ្មីជាមួយរូបគេឡើយ។
Virgil van Dijk ក៏បានបញ្ជាក់ថា ជុំវិញរឿងនេះបើសិនមានអ្នកណាគេ ដែលនិយាយថា គេដឹងពីរឿងអនាគតរបស់គេ នោះមានន័យថា គេកុហកហើយ ព្រោះសូម្បីតែខ្លួនគេផ្ទាល់ជាសាមីខ្លួនក៏មិនដឹងដែរថា នៅចប់រដូវកាលនេះនឹងត្រូវធ្វើអ្វី។
នៅ Liverpool មានកីឡាករឆ្នើមដល់ទៅ៣រូប ដែលជិតនឹងផុតកុងត្រា ហើយពួកគេនឹងត្រូវដើរចេញពីក្លិបនៅពេលចប់រដូវកាលនេះ ប្រសិនបើពួកគេមិនបានបន្តកុងត្រាថ្មី។ Virgil van Dijk ជាកីឡាករម្នាក់ក្នុងចំណោម៣នាក់នោះ ដោយរួមមាន Mo Salah និង Alexander-Arnold។
ដោយឡែក អ្នកគាំទ្រ Liverpool ចាប់ផ្តើមមានការព្រួយបារម្ភអំពីអនាគតរបស់ Virgil van Dijk បន្ទាប់ពីមានការរាយការណ៍ថា កីឡាករវ័យ ៣៣ឆ្នាំ បានជួបជជែកជាមួយប្រធានក្លិប Paris Saint Germain លោក Nasser Al-Khelaifi និងប្រធានផ្នែកកីឡារបស់ក្លិប លោក Luis Campos ខណៈ កិច្ចសន្យារបស់ Virgil van Dijk ជាមួយនិងក្លិប Liverpool នឹងផុតកំណត់នៅពេលខាងមុខ ដោយមិនទាន់មានសញ្ញានៃការចរចាបន្តកុងត្រាថ្មីនៅឡើយ៕