លោក Omar Berrada នាយកប្រតិបត្តិក្លិប Man UTD បារម្ភថាការវិនិយោគរបស់ក្លិប ទៅលើការសាងសង់កីឡដ្ឋានថ្មី អាចនឹងផ្តល់វិបត្តិដល់ការចំណាយលើការអភិវឌ្ឍក្លិប ដើម្បីបង្កើនកម្រិតប្រកួតប្រជែងអំឡុងពេល ៥ឆ្នាំបន្ទាប់។
ជាការពិត ក្លិប Man UTD ទើបតែបានបង្ហាញគម្រោងសាងសង់កីឡដ្ឋានថ្មី ដែលនឹងក្លាយជាកីឡដ្ឋានដ៏ធំបំផុតក្នុងចក្រភពអង់គ្លេស ដោយកីឡដ្ឋាននេះនឹងមានតម្លៃប្រមាណ ២ពាន់លានផោនឯណោះ។
ការចំណាយដ៏ធំនេះធ្វើអោយ លោក Omar Berrada មានការបារម្ភ ពីការមានវិបត្តិលើការប្រើប្រាស់ថវិការអភិវឌ្ឈន៍ក្លិបបិសាចក្រហម។
លោក Omar Berrada បាននិយាយដូច្នេះ “វាគឺជាវិបត្តិដ៏ពិតប្រាកដមួយ ដែលយើងចង់បញ្ជៀស។ យើងមិនចង់ធ្វើអោយធ្លាក់ចុះ នូវកម្រិតសមត្ថភាពលើការវិនិយោគលើក្រុមកីឡាកររបស់យើងឡើយ។ យើងចង់បានការប្រកួតប្រជែងដ៏ខ្លាំង អំឡុងពេលកសាងកីឡដ្ឋានថ្មី។”
បច្ចុប្បន្ន Man UTD កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ១៤ នៅក្របខណ្ឌ Premier League ប្រឈមនឹងការបាត់កៅអីពានអឺរ៉ុប គ្រប់កម្រិត។
ក្លិបមកដល់ពេលនេះក៏កំពុងរងការរិះគន់ខ្លាំង ទៅលើទម្រង់លេងធ្លាក់ចុះ គ្មានស្ថិរភាព ខណៈកីឡដ្ឋានគ្មានការអភិវឌ្ឍជឿនលឿន៕