របាយការណ៍ចុងក្រោយពីសារពត៌មាន Caught Offside បានអោយដឹងថា ខ្សែការពារ Virgil van Dijk ចង់ចាកចេញពីក្លិប Liverpool ហើយ នៅដំណាច់រដូវកាលនេះ។
ចំពេលមានភាពច្របូកច្របល់ ប្រធានក្រុមហង្សក្រហម Virgil van Dijk ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាអនាគតរបស់ខ្លួនឡើងវិញនៅកីឡដ្ឋាន Anfield ។ កីឡាករជនជាតិហូឡង់កំពុងសញ្ជឹងគិតអំពីការចាកចេញដ្បិតកិច្ចសន្យារបស់គេនឹងផុតកំណត់នៅរដូវក្តៅ ហើយមកទល់ពេលនេះមិនទាន់មានសញ្ញាអំពីការបន្តកុងត្រាថ្មីនៅឡើយទេ។
ខណៈដែលការផ្តល់ការបន្តកុងត្រាដល់ Virgil van Dijk ពីសំណាក់ក្លិប Liverpool មិនទាន់មានលទ្ធផលនោះ ក្លិប Al Hilal មកពីក្របខណ្ឌ Saudi Pro League របស់អារ៉ាប៊ីសាអូឌីត បានដាក់សំណើដ៏ច្រើន ដើម្បីអន្ទងចិត្តរបស់កីឡាករវ័យ៣៣ឆ្នាំ។ ប៉ុន្តែក៏មានការរាយការណ៍ថា Virgil van Dijk កំពុងតែមានសក្តានុពលក្នុងការផ្លាស់ទៅកាន់ក្របខណ្ឌ Major League Soccer នៅសហរដ្ឋអាមេរិក ជាជាងទៅប្រទេសអារ៉ាប៊ីសាអូឌីត។
ទន្ទឹមនឹងនេះដែរ ក្លិប Paris Saint-Germain បានលេចចេញជាគូប្រជែងដ៏ធំមួយ ដោយម្ចាស់ក្លិប លោក Nasser Al-Khelaïfi និងនាយកផ្នែកកីឡាលោក Luis Campos បានជួបសន្ទនាជាមួយ van Dijk រួចហើយ។ ក្លិបយក្សរបស់បារាំងបានត្រៀមលក្ខណៈដើម្បីធានាយក Virgil van Dijk ហើយបានចាប់ផ្តើមការពិភាក្សាជាមួយអ្នកតំណាងរបស់កីឡាករ។ Paris Saint-Germain មានឆន្ទៈក្នុងការផ្តល់ជូនកញ្ចប់ទឹកប្រាក់ចំនួន ១០០ លានអឺរ៉ូក្នុងរយៈពេល ២ ឆ្នាំដើម្បីទាក់ទាញរូបគេមកកាន់ កីឡដ្ឋាន Parc des Princes ។
កន្លងទៅ សាមីកីឡាករផ្ទាល់ Virgil van Dijk ធ្លាប់បានប្រាប់ពីបំណងប្រាថ្នារបស់ខ្លួនក្នុងការបន្តនៅក្លិប Liverpool ដោយជំរុញអោយមានសុទិដ្ឋិនិយមក្នុងចំណោមកីឡាករដ៏ស្មោះត្រង់នៅកីឡដ្ឋាន Anfield និងថារូបគេនៅតែអាចប្តេជ្ញាអនាគតជាមួយហង្សក្រហម ប៉ុន្តែក្រោយពីការព្រងើយកន្តើយរបស់ក្លិបទៅលើកិច្ចសន្យាថ្មីនោះ អាចនឹងធ្វើអោយកីឡាករត្រូវសម្រេចចាកចេញស្វែងរកទ្រនំថ្មី៕