×

Chelsea ថ្កោលទោសអ្នកប្រមាថនិងរើសអើងជាតិសាសន៍ខ្សែការពារ Wesley Fofana

ក្លិប Chelsea បានប្រកាសពីការថ្កោលទោសដល់អ្នកប្រមាថនិងរើសអើងជាតិសាសន៍ទៅលើខ្សែការពារ Wesley Fofana។ ក្លិបតោខៀវក៏បង្ហាញពីការសហការជាមួយអាជ្ញាធរអង់គ្លេស ដើម្បីស្វែងរកជនបង្កហេតុទាំងនោះ។

កីឡាករបារាំង វ័យ២៤ឆ្នាំ ត្រូវបានរងការប្រមាថរើសអើងជាតិសាសន៍ តាមប្រព័ន្ធអនឡាញ បន្ទាប់ពី Chelsea បានចាញ់ Arsenal ដោយលទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Premier League នៅកីឡដ្ឋាន Emirates Stadium កាលពីចុងសប្តាហ៍កន្លងទៅ។

ជុំវិញរឿងនេះ Chelsea បានចេញសេចក្តីថ្លែងការណ៍ថា “ក្លិបបាល់ទាត់ Chelsea មានការតក់ស្លុត និងស្អប់ខ្ពើមចំពោះការកើនឡើងនៃការរំលោភបំពានពូជសាសន៍តាមប្រព័ន្ធ អ៊ីនធឺណិតមកលើកីឡាកររបស់យើង។ ការបំពានទៅលើ Wes Fofana គឺគួរអោយស្អប់ខ្ពើម ហើយនឹងមិនមានការអត់ឱនទេ។”ពួកយើង និងកីឡាករទាំងអស់របស់យើងមានការគាំទ្រយ៉ាងពេញទំហឹង។ យើងនឹងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការកំណត់អត្តសញ្ញាណជនល្មើស និងចាត់វិធានការខ្លាំងបំផុត។”

រីឯស្ថាប័ន Premier League វិញ បានចេញសេចក្តីថ្លែងការណ៍ដែរថា “Premier League មានភាពរន្ធត់ចំពោះការរំលោភបំពាន និងបានផ្តល់ការគាំទ្រដល់ Fofana និង Chelsea ។ Premier League ក៏នឹងធ្វើការជាមួយវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម និងអាជ្ញាធរដើម្បីធានាថាបុគ្គលណាដែលត្រូវបានរកឃើញថាមានពិរុទ្ធពីបទរំលោភបំពានប្រឈមនឹងទណ្ឌកម្មតាមច្បាប់។ បាល់ទាត់គឺសម្រាប់មនុស្សគ្រប់គ្នា ហើយមិនមានកន្លែងសម្រាប់ការរើសអើងនៅក្នុងការប្រកួត ឬសង្គមទូលំទូលាយនោះទេ។”

ការរំលោភបំពានទៅលើ Wesley Fofana កើតឡើងបន្ទាប់ពីករណីថ្មីៗពាក់ព័ន្ធនឹងការរើសអើងទៅលើ ខ្សែការពារ Calvin Bassey របស់ Fulham, ខ្សែបម្រើ Abdoulaye Doucoure របស់ Everton, ខ្សែបម្រើ Joe Willock របស់ Newcastle United និងកីឡាការិនី Khadija Shaw របស់ក្រុមនារី Man City ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ BBC Sport លោក Samuel Okafor នាយកប្រតិបត្តិនៃស្ថាប័នប្រឆាំងការរើសអើង Kick It Out បាននិយាយថា កម្រិតនៃការរំលោភបំពាននៅក្នុងបាល់ទាត់អង់គ្លេសបានឈានដល់ចំណុចវិបត្តិ។

Wesley Fofana បានបង្ហាញខ្លួននៅក្នុងការប្រកួតក្របខណ្ឌ Premier League របស់ Chelsea ចំនួន ១៤ ដងក្នុងរដូវកាលនេះ ក្រោយពីបានខកខានរយៈពេល ៣ ខែជាមួយនឹងរបួសសរសៃពួរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង