នាយកផ្នែកកីឡារបស់ក្លិប Crystal Palace លោក Dougie Freedman នឹងចាកចេញពីក្លិប ហើយកំពុងពិចារណាចូលកាន់តំណែងអោយក្លិបនៅអារ៉ាប៊ីសាអូឌីត។
បុរសជនជាតិស្កុតឡេន បានរួមរស់ជាមួយ Crystal Palace ទាំងកាលនៅជាកីឡាករ បន្តធ្វើជា គ្រូបង្វឹក និងកាន់តួនាទីបច្ចុប្បន្នរបស់លោកតាំងពីឆ្នាំ ២០១៧ មក ។ លោក Dougie Freedman បានទទួលខុសត្រូវលើការជ្រើសរើសកីឡាកររួមមាន Michael Olise, Eberechi Eze, Marc Guehi, Adam Wharton និង Dean Henderson ។
ប្រភពជិតស្និទ្ធបានអះអាងថា លោក Freedman ត្រូវបានផ្តល់តំណែងជាប្រធានផ្នែកកីឡាជាមួយនឹងក្រុមហ៊ុន Diriyah ដែលជាម្ចាស់ក្លិប Al-Diriyah លេងនៅក្នុងលីគទី២របស់អារ៉ាប៊ីសាអូឌីត។ តួនាទីនេះត្រូវបានគេជឿថាជាពហុការងារមួយ ដែលបុរសវ័យ៥០ឆ្នាំ នឹងបង្កើតទស្សនវិជ្ជានៃការអនុវត្តកីឡាដល់ក្លិបកីឡាចំនួន៧ផ្សេងទៀតស្ថិតក្នុងចំណុះក្រុមហ៊ុន Diriyah តែមួយ។ ទោះយ៉ាងណា មិនទាន់មានការបញ្ជាក់ថា លោក Freedman បានទទួលយកតំណែងនេះជាផ្លូវការនៅឡើយទេ។ អតីតខ្សែប្រយុទ្ធ Dougie Freedman បានដឹងពីចំណាប់អារម្មណ៍ពីអារ៉ាប៊ីសាអូឌីតមកលើរូបលោកជាច្រើនខែមកហើយ ប៉ុន្តែការផ្លាស់ប្តូរបានបង្កើនល្បឿននារយៈពេលចុងក្រោយនេះ។ លោក Freedman ត្រូវបានរំពឹងថា នឹងបន្តការប្រឹក្សាជាមួយក្លិប Crystal Palace នៅរដូវក្តៅមុនពេលចាកចេញពីតំណែង។
កន្លងទៅលោក Dougie Freedman បានចូលពិភាក្សាពីតំណែងរបស់ខ្លួនដល់ទៅ២ដងជាមួយក្លិប Man UTD និង ម្តងទៀតជាមួយ Newcastle United កាលពីរដូវកាលមុន។ លោក Iain Moody អាចនឹងជាអ្នកជំនួសតំណែងលោក Dougie Freedman នៅក្លិប Crystal Palace ដោយលោកបានធ្វើការយ៉ាងជិតស្និទ្ធទៅលើប្រតិបត្តិការជ្រើសរើសបុគ្គលិករបស់ក្លិប ផ្អែកលើមូលដ្ឋានប្រឹក្សាយោបល់ ពីលោក Dougie Freedman ។
ដោយឡែក ប្រធានក្លិប Crystal Palace លោក Steve Parish បាននិយាយថា លោក Freedman គឺជា បុគ្គលសំខាន់របស់ក្លិបរយៈពេល៨ឆ្នាំកន្លងមកនេះ ហើយការចាកចេញរបស់លោក ក្លិបក៏មានភាពរីករាយ ព្រោះលោកអាចកសាងមូលដ្ឋានគ្រឹះបន្ថែមនៅក្នុងអាជីព៕