អ្នកគាំទ្រ Man UTD នៅតែបង្ហាញការមិនពេញចិត្តនិងបន្តការតវ៉ារឿងក្លិបដំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួត។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាន BBC។
បន្ទាប់ពីបង្កកតម្លៃសំបុត្ររយៈពេល១១ឆ្នាំរួចមក តម្លៃសំបុត្រសម្រាប់ទស្សនាការប្រកួតពេញមួយរដូវកាលរបស់ Man UTD នឹងកើនឡើងប្រហែល៥ភាគរយ សម្រាប់ឆ្នាំទី ៣ ជាប់ៗគ្នា ដោយក្លិបមានបំណងរក្សានិរន្តរភាពផ្នែកហិរញ្ញវត្ថុ។ ក្រុមអ្នកគាំទ្រ ដែលមានឈ្មោះថា Manchester United Supporters Trust MUST បាននិយាយថា ការកើនឡើងនេះបានធ្វើអោយពួកគេមានការបារម្ភ ហើយបានសំណូមពរអោយក្លិបបង្កកតម្លៃសំបុត្រសម្រាប់អ្នកគាំទ្រ ដែលមានអាយុក្រោម ១៦ឆ្នាំ តែសំណូមពរ ត្រូវបានមើលរំលង ហើយ MUST មានការខកចិត្ត ដែលក្លិបមិនអើពើចំពោះការអំពាវនាវ។
ចាប់តាំងពីបានក្លាយជាសហម្ចាស់ក្លិប Man UTD កាលពីឆ្នាំមុនលោក Jim Ratcliffe បានព្យាយាមកែលម្អហិរញ្ញវត្ថុរបស់ក្លិប តែការផ្លាស់ប្តូរជាច្រើនបានទទួលការមិនពេញចិត្ត ដែលរួមមានការដំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួត និងការកាត់បន្ថយបុគ្គលិករបស់ក្លិបជាដើម។ ការផ្លាស់ប្តូរចុងក្រោយបំផុតមួយរបស់ ក្លិប Man UTD សម្រាប់រដូវកាល ២០២៥-២៦ រួមមានការណែនាំអំពីប្រភេទសំបុត្ររបស់អ្នកគាំទ្រដែលមិនទិញផ្តាច់សម្រាប់មួយរដូវកាលកាន់តែមានតម្លៃថ្លៃជាងមុន។ Man UTD ក៏កំពុងបង្កើនតម្រូវការប្រើប្រាស់អប្បបរមាសម្រាប់អ្នកកាន់សំបុត្រទស្សនាការប្រកួតពេញរដូវកាល ដោយចង់អោយពួកគេទិញយកសំបុត្រនៃការប្រកួតក្នុងផ្ទះនៃក្របខណ្ឌ Premier League របស់ក្រុមចំនួន ១៩ប្រកួតតែម្តង មិនមែនទិញយកត្រឹមតែ ១៥ ទៅ ១៦ ប្រកួតដូចពេលកន្លងទៅទេ។
នាយកប្រតិបត្តិរបស់ Man UTD លោក Omar Berrada និយាយថា ក្លិបបានខិតខំប្រឹងប្រែងដើម្បីរៀបចំកញ្ចប់តម្លៃដែលសមរម្យ និងសមហេតុផល ហើយថាការផ្លាស់ប្តូរថ្មីកំពុងត្រូវបានធ្វើឡើង ដើម្បីទូទាត់ថ្លៃប្រតិបត្តិការដែលបន្តកើនឡើង។ ទោះយ៉ាងណា MUST និយាយថា ពួកគេមិនឃើញភស្តុតាងណាមួយសម្រាប់ការកើនឡើងតម្លៃសំបុត្រ ហើយថា គំរូនៃការបែងចែកប្រភេទសំបុត្រថ្មីគឺជា ប្រភពនៃការព្រួយបារម្ភដ៏ធំរបស់ពួកគេ។
កន្លងទៅ ក៏មានក្រុមអ្នកគាំទ្របានដាក់សំណើទៅស្ថាប័ន Premier League ដោយជំរុញអោយសា្ថប័ននេះគាំទ្រការផ្អាកការដំឡើងតម្លៃសំបុត្រសិន។ សំណើសុំត្រូវបានក្លិបដូចជា Brentford, Wolves, Liverpool និង West Ham យល់ព្រម និងបង្កកការដំឡើងតម្លៃសំបុត្រសម្រាប់អ្នកគាំទ្ររបស់ពួកគេ ប៉ុន្តែក៏មានក្លិបនានាដូចជា Man UTD និង Arsenal ជាដើម មិនបានយល់ស្របចំពោះសំណើនោះទេ៕