Arsenal គ្រោងនឹងបើកការពិភាក្សាជាផ្លូវការជាមួយខ្សែប្រយុទ្ធ Bukayo Saka លើកិច្ចសន្យាថ្មី ខណៈរូបគេឈានចូលដល់រយៈពេល២ឆ្នាំចុងក្រោយនៃកិច្ចសន្យាបច្ចុប្បន្ន ។
កីឡាករអង់គ្លេស មិនបានលេងតាំងពីខែធ្នូមកម្ល៉េះបន្ទាប់ពីរបួសសរសៃពួរយ៉ាងធ្ងន់ធ្ងរក្នុងការទទួលជ័យជំនះលើ Crystal Palace នៅកីឡដ្ឋាន Selhurst Park ប៉ុន្តែសារៈសំខាន់របស់គេចំពោះក្រុមរបស់លោក Mikel Arteta នៅតែត្រូវបានយកចិត្តទុកដាក់។
Arsenal ចង់ជៀសវាងភាពមិនច្បាស់លាស់ណាមួយទាក់ទងនឹងអនាគតរបស់កីឡាករឆ្នើមរបស់ពួកគេ ដោយនឹងធ្វើអោយ Bukayo Saka ទទួលបានកិច្ចសន្យាយូរជាងនេះ។ កីឡាករវ័យ ២៣ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យាបច្ចុប្បន្នរបស់ខ្លួន ដោយទទួលបានបា្រក់ឈ្នួល ១០ លានផោនក្នុងមួយរដូវកាល កាលពីឆ្នាំ២០២២។ យ៉ាងណាមិញ កិច្ចសន្យានោះនឹងត្រូវផុតកំណត់នៅចុងរដូវកាល ២០២៦-២៧ ប៉ុន្តែ Arsenal បានបើកកិច្ចពិភាក្សាកិច្ចសន្យាថ្មីដែលបានផ្តួចផ្តើមរួចហើយ។ ដំណើរការនេះត្រូវបានគេរំពឹងថានឹងពន្លឿនអោយបានសម្រេចក្នុងពេលឆាប់ៗ។
ក្លិបនានានៅទូទាំងទ្វីបអឺរ៉ុបមានការចាប់អារម្មណ៍ពីការអភិវឌ្ឍរបស់ Bukayo Saka និងទទួលស្គាល់ថារូបគេជាកីឡាករខ្សែប្រយុទ្ធដ៏មានសមត្ថភាពម្នាក់ ដែលធ្វើអោយក្លិបទាំងនោះចង់បានកីឡាកររូបនេះទៅចូលរួម។ ជាក់ស្តែង Bukayo Saka ត្រូវបានផ្សារភ្ជាប់ជាមួយ Man City ហើយការផ្លាស់ប្តូរអាចនឹងកើតឡើងបើសិនការចរចារវាង Arsenal និង សាមីកីឡាករមិនដំណើរការរលូន។
ប៉ុន្តែ Arsenal នឹងសង្ឃឹមថាកិច្ចព្រមព្រៀងមួយអាចត្រូវបានសម្រេចបាន ក្រោមការដឹកនាំរបស់លោក Arteta ខណៈដែលការប្រកួតប្រជែងរបស់ក្រុមមានភាពរីកចម្រើន ទាំងក្នុងពានរង្វាន់ Premier League និង UEFA Champions League ហើយវាក៏អាចជាកត្តាមួយក្នុងការបញ្ចុះបញ្ចូល Saka អោយចុះហត្ថលេខាថ្មីផងដែរ។
សម្រាប់ពេលនេះ Bukayo Saka កំពុងផ្តោតទៅលើការស្តារកាយសម្បទារបស់គេឡើងវិញ បន្ទាប់ពីការវះកាត់ព្យាបាលរបួសសរសៃពួររួច៕