សារព័ត៌មាន One Football បានអោយដឹងថា ក្លិប Tottenham Hotspur កំពុងត្រៀមធ្វើការពិចារណាទៅលើបេក្ខភាពគ្រូបង្វឹកថ្មីម្នាក់ បើគ្រូបង្វឹកបច្ចុប្បន្ន លោក Ange Postecoglou មិនអាចលើក ពានរង្វាន់ UEFA Europa League ទេនោះ។
Tottenham Hotspur មានលទ្ធផលមិនសូវល្អទេនៅក្នុងការប្រកួតក្របខណ្ឌ Premier League ដោយបានចាញ់ជាលើកទី ១៥ នៃរដូវកាល ២០២៤-២៥ ក្រោមថ្វីជើង Fulham ២-០ ដែលធ្វើអោយក្រុមធ្លាក់ទៅឈរលេខរៀងទី១៤ឯណោះ។ ក្រុមកំពុងតស៊ូដើម្បីមានកៅអីលេងពានរង្វាន់អឺរ៉ុបណាមួយនៅរដូវកាលក្រោយ។
យ៉ាងណា បច្ចុប្បន្ន ក្រុមមាន់ខ្នាយមាស ក៏មានការប្រកួតពានរង្វាន់អឺរ៉ុបដែរ គឺពានរង្វាន់ UEFA Europa League ដែលត្រូវប៉ះ Eintracht Frankfurt ចំនួន២ជើងនៅវគ្គ៨ក្រុមចុងក្រោយ នាខែមេសាខាងមុខ។
យ៉ាងណា បើសិនលោក Postecoglou មិនអាចដឹកនាំក្រុមទទួលជោគជ័យក្នុងពានរង្វាន់នេះទេ លោកអាចនឹងពិបាករក្សាតំណែងបន្តទៀត។ បញ្ហាកីឡាកររបួសជារឿងដែលស្មុគស្មាញរបស់ Tottenham Hotspur ប៉ុន្តែវាមិនអាចយកមកធ្វើជាមូលហេតុចម្បងនៃការធ្លាក់ចុះរបស់ក្រុមទេ ហើយគ្រូបង្វឹកលោក Postecoglou ត្រូវទទួលខុសត្រូវលើរឿងនេះ។ បើសិនជាលោក Postecoglou ពិតជាមិនអាចជួយក្រុមទទួលបានជោគជ័យនោះទេ នោះក្លិបអាចនឹងពិចារណាស្វែងរកគ្រូបង្វឹកថ្មី ដោយក្នុងនោះ Tottenham Hotspur កំពុងសម្លឹងឃើញបេក្ខភាពឈានមុខចំនួន២រូបនោះគឺ គ្រូបង្វឹកBournemouth លោក Andoni Iraola និងគ្រូបង្វឹក Fulham លោក Marco Silva ។
សម្រាប់លោក Andoni Iraola ខាងក្លិប Bournemouth ចង់បន្តកុងត្រាថ្មី មុនពេលដែលវាផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលក្រោយ ប៉ុន្តែគេជឿថារូបលោកនឹងចាប់អារម្មណ៍លើការរំពឹងទុកនៃការចូលកាន់តំណែងនៅ Tottenham Hotspur ប្រសិនបើលោកនឹងមានឱកាសបែបនេះ។ មន្ទិលសង្ស័យអំពីអនាគតរបស់លោក Marco Silva នៅ Fulham ក៏ត្រូវបានលើកយកមកផ្សារភ្ជាប់ក្នុងការទទួលបានឱកាសទៅកាន់ Tottenham Hotspur ដែរ ។ ទាំងលោក Andoni Iraola និង លោក Marco Silva សុទ្ធតែមានការចាប់អារម្មណ៍ និងប៉ងប្រាថ្នាចង់បានឱកាសរបស់ពួកគេក្នុងការនាំក្លិបធំដូចជា Tottenham Hotspur ។
Tottenham Hotspur បានឈ្នះពានរង្វាន់ចុងក្រោយបំផុតគឺពាន EFL Cup តាំងពីឆ្នាំ ២០០៨ ហើយក្រុមពិតជាអស់សង្ឃឹមក្នុងការឈ្នះពានរង្វាន់សាជាថ្មី ក្នុងរយៈពេល១៧ឆ្នាំចុងក្រោយនេះ។ ក្លិបសង្ឃឹមថា ប្រសិនបើពួកគេតែងតាំងគ្រូបង្វឹកថ្មីបានត្រឹមត្រូវ នោះនឹងអាចទទួលលទ្ធផលជោគជ័យ។ លោក Juande Ramos ជាគ្រូបង្វឹកចុងក្រោយដែលជួយ Tottenham Hotspur ឈ្នះពាន EFL Cup នោះ ហើយបន្តមកមានលោក Harry Redknapp, Andre Villas-Boas, Tim Sherwood, Mauricio Pochettino, Jose Mourinho, Nuno Espirito Santo និង Antonio Conte សុទ្ធតែបរាជ័យមិនអាចជួយ Tottenham Hotspur ឈ្នះពានរង្វាន់ទៀត៕