×

លោក Jim Ratcliffe ថា នឹងដើរចេញពី Man UTD បើរងការបំពានពីអ្នកគាំទ្រដូចគ្រួសារ Glazer

លោក Jim Ratcliffe សហម្ចាស់ក្លិប Man UTD បាននិយាយថា រូបលោកនឹងដើរចេញពីក្លិបតែម្តង ប្រសិនបើលោកត្រូវបានអ្នកគាំទ្រ បំពាន តាមរបៀបដែលគ្រួសារ Glazer បានទទួល។

បុរសវ័យ៧២ឆ្នាំ កាលពីឆ្នាំមុនបានចំណាយប្រាក់ ១,៣ ពាន់លានផោនសម្រាប់ការទិញភាគហ៊ុនក្លិបបិសាចក្រហម ២៨,៩៤ភាគរយ ដែលនាំអោយក្រុមហ៊ុន Ineos របស់លោកមានភារកិច្ចគ្រប់គ្រងប្រតិបត្តិការបាល់ទាត់របស់ក្លិប។ ដោយឡែក គ្រួសារ Glazer បានទិញក្លិប Man UTD ក្នុងឆ្នាំ ២០០៥ តាមរយៈការកាន់កាប់ដ៏មានឥទ្ធិពល និងរក្សាភាគហ៊ុនភាគច្រើន។ វត្តមានរបស់គ្រួសារមហាសេដ្ឋីអាមេរិក មិនមានប្រជាប្រិយភាពនោះទេ ដោយក្លិបមានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយអ្នកគាំទ្រ Man UTD បានធ្វើការតវ៉ាជាច្រើនដង ចង់អោយគ្រួសារនេះ លក់ភាគហ៊ុនចេញ លែងកាន់កាប់ក្លិបតទៅទៀត។

ការមើលឃើញពីទង្វើអ្នកគាំទ្រដែលតវ៉ាមិនពេញចិត្ត និងមានការបំពានទៅលើគ្រួសារ Glazer នេះហើយ បានធ្វើអោយ លោក Jim Ratcliffe អះអាងថា លោកកំពុងព្យាយាមស្រោចស្រង់ក្លិប Man UTD ហើយការសម្រេចចិត្តមួយចំនួន អាចធ្វើអោយការប៉ះទង្គិចខ្លះ ប៉ុន្តែបើលោករងការបំពានពីអ្នកគាំទ្រដូចគ្រួសារ Glazer នោះលោកនឹងចាកចេញពីក្លិបនេះហើយ។

ក្នុងបទសម្ភាសមួយលោក Ratcliffe បាននិយាយថា “គ្មាននរណាម្នាក់ចូលចិត្តមើល Man UTD ក្នុងស្ថានភាពនេះទេ ហើយគ្មាននរណាម្នាក់ចូលចិត្តការសម្រេចចិត្តដែលយើងត្រូវធ្វើនៅពេលនេះដែរ។ ខ្ញុំអាចទ្រាំនឹងរឿងនោះបាន។ ប៉ុន្តែ ប្រសិនបើវាឈានដល់កម្រិតដែលគ្រួសារ Glazer ត្រូវបានអ្នកគាំទ្របំពានធ្វើបាប នោះខ្ញុំត្រូវតែនិយាយថា គ្រប់គ្រាន់ហើយ ទុកអោយអ្នកផ្សេងជួយក្លិប Man UTD ចុះ។”

ការមកដល់របស់លោក Jim Ratcliffe ធ្វើអោយអ្នកគាំទ្រ មានភាពរីករាយ ដ្បិតយល់ថា រូបលោកនឹងជួយស្រោចស្រង់ស្ថានភាពរបស់ក្លិបដែលមានភាពធ្លាក់ចុះក្រោមការគ្រប់គ្រងរបស់គ្រួសារ Glazer។ ប៉ុន្តែ ការមកដល់របស់ មហាសេដ្ឋីអង់គ្លេស ក្លិប Man UTD បានជួបប្រទះរបត់ថ្មី ដោយក្លិបបានចាប់ផ្តើមកាត់បន្ថយបុគ្គលិករបស់ក្លិបជាច្រើនរយនាក់។ ក្លិបក៏បានដំឡើងថ្លៃសំបុត្រ ធ្វើអោយអ្នកគាំទ្រមិនពេញចិត្ត រិះគន់ ហើយបន្ថែមពីនេះ លោក Ratcliffe ក៏បានប្រាប់ថាកីឡាករ Man UTD មួយចំនួន មិនល្អគ្រប់គ្រាន់ និងមានប្រាក់ខែខ្ពស់ខ្លាំង ហើយក្លិបបានប្រឈមនឹងហានិភ័យនៃការដួលរលំថែមទៀត។

ទោះយ៉ាងណា លោក Ratcliffe បានសាងភាពភ្ញាក់ផ្អើលដោយបានប្រកាសគម្រោងសាងសង់កីឡដ្ឋានថ្មី ដែលមានតម្លៃ ២ពាន់លានផោន និងអាចផ្ទុកអ្នកគាំទ្របាន១០ម៉ឺននាក់ឯណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង