×

Aston Villa ត្រៀមនាំយកខ្សែការពារ Jon Aramburu របស់ Real Sociedad

គ្រូបង្វឹក Aston Villa លោក Unai Emery បានកំណត់គោលដៅក្នុងការពង្រឹងជម្រើសខ្សែការពារស្តាំរបស់ក្រុម នៅរដូវក្តៅនេះ ដោយខ្សែការពារ Jon Aramburu របស់ក្លិប Real Sociedad បានក្លាយជាគោលដៅសំខាន់របស់លោក។

របាយការណ៍ពីប្រទេសអេស្ប៉ាញអោយដឹងថា កីឡាករជនជាតិវេណេស៊ុយអេឡា ដែលស្ថិតក្នុងបញ្ជីចង់បានរបស់ Aston Villa នោះ ក៏រីករាយជាមួយដំណឹងនេះដែរ។

Jon Aramburu បានបញ្ចេញសមត្ថភាពលេចធ្លោជាមួយ Real Sociedad បន្ទាប់ពីរូបគេត្រូវបានជ្រើសរើសជាកីឡាករជម្រើសដំបូងជំនួស ខ្សែការពារ Hamari Traore ដែលបានរងរួបសរសៃពួរ ACL ដែលធ្វើអោយរូបគេអវត្តមានដល់ចប់រដូវកាល។

ភាពប៉ិនប្រសប់របស់កីឡាករវ័យ២២ឆ្នាំ គឺជាចំណុចដ៏សំខាន់មួយទៀត។ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Imanol Alguacil នោះ Aramburu អាចលេងការពារបានគ្រប់ផ្នែក មិនថា ខ្សែការពារស្តាំ ខ្សែការពារឆ្វេង និងសូម្បីតែខ្សែការពារកណ្តាលនៅពេលចាំបាច់។

ការសម្របខ្លួនយ៉ាងល្អនោះបានធ្វើអោយ Jon Aramburu ស្ថិតក្នុងរ៉ាដានៃក្លិបអឺរ៉ុបមួយចំនួនដោយ Newcastle, Inter Milan និង Real Madrid ក៏កំពុងតាមដានការរីកចម្រើនរបស់គេផងដែរ។

ទោះបីជាមានការចាប់អារម្មណ៍ពីក្លិបធំៗផ្សេងទៀត តែ Aston Villa ហាក់ដូចជាកំពុងនាំមុខគេលើការប្រណាំងប្រជែងនាំយកកីឡាករ Jon Aramburu ។ ជាក់ស្តែង Aston Villa កំពុងរៀបចំសំណើដ៏គួរអោយទាក់ទាញ និងធានាថា កីឡាកររូបនេះនឹងស្ថិតក្នុងយុទ្ធនាការដ៏យូរអង្វែងរបស់ក្រុម ក្រោមការដឹកនាំរបស់លោក Unai Emery ។

យ៉ាងណាក៏ដោយ ការធានាហត្ថលេខារបស់ Jon Aramburu នឹងមិនមានតម្លៃថោកនោះទេ។ ទោះបីជាតម្លៃទីផ្សាររបស់គេត្រូវបានប៉ាន់ប្រមាណថាប្រហែល ១០ លានផោនក៏ដោយ ក៏ Real Sociedad ចង់បានតម្លៃខ្ពស់ជាងនេះ។ Jon Aramburu បានចុះហត្ថលេខាលើកិច្ចសន្យាថ្មី ដែលធ្វើអោយរូបគេនៅជាមួយក្លិបដល់ឆ្នាំ ២០៣០ ដែលមានន័យថា ក្លិបអេស្ប៉ាញទំនងជាទាមទារថ្លៃខ្លួនកីឡាកររបស់ពួកគេ ក្នុងចំនួនមួយគួរអោយកត់សម្គាល់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង