អ្នកវិភាគកីឡាបាល់ទាត់ល្បីឈ្មោះនៅអង់គ្លេស លោក Stan Collymore បានជំរុញអោយក្លិប Newcastle United ចុះហត្ថលេខាផ្ទេរយកខ្សែប្រយុទ្ធ Darwin Núñez ពីក្លិប Liverpool។
ជាការពិត Darwin Nunez កំពុងមានភាពលំបាក ហើយពេលវេលារបស់គេនៅកីឡដ្ឋាន Anfield ទំនងត្រូវបញ្ចប់នៅអំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ កីឡាករអ៊ុយរុយហ្កាយ វ័យ២៥ឆ្នាំ ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការចាកចេញពី Liverpool ហើយរបាយការណ៍ទាំងនេះស្របពេលគ្នាជាមួយនឹងរបាយការណ៍នៃការចាកចេញរបស់ខ្សែប្រយុទ្ធ Alexander Isak ពី Newcastle United ផងដែរ។
Alexander Isak អាចនឹងចាកចេញពី Newcastle United បើសិនជាក្លិបមិនអាចទទួលបានកៅអីលេងពានរង្វាន់ UEFA Champions League។ ដូច្នេះហើយ Newcastle United បានចាប់ផ្តើមស្វែងរកជម្រើសមកជំនួសកីឡាករស៊ុយអែត វ័យ២៥ឆ្នាំ ជាបន្តបន្ទាប់។ ឥឡូវនេះ Newcastle United ត្រូវបានជំរុញអោយ ចុះហត្ថលេខាលើ Darwin Nunez ដើម្បីជំនួស Alexander Isak ។
ជុំវិញរឿងនេះ លោក Stan Collymore បាននិយាយថា “ក្លិប Newcastle United គួរតែស្វែងរកការចុះហត្ថលេខាលើ Darwin Nunez ជាអ្នកជំនួស Isak ។ Nunez ពិតជាស័ក្តិសមនៅ Newcastle United ហើយអ្នកគាំទ្រនឹងស្រលាញ់គេ។ Newcastle United គឺជាក្លិបដ៏ធំមួយ ដូច្នេះកីឡាករនឹងមិនមានអារម្មណ៍ថារូបគេដូចជាត្រូវទម្លាក់ខ្លួនមកលេងអោយក្លិបតូចនោះទេ អ្វីដែលសំខាន់នោះគឺកីឡាករនឹងមិនមានសម្ពាធ ហើយខ្ញុំគិតថា គ្រូបង្វឹកលោក Eddie Howe អាចធ្វើអោយ Nunez ក្លាយជាកីឡាករដែលលេចធ្លោម្តងទៀត។”
Newcastle United មានភាគរយខ្ពស់ដែលមិនអាចធានាវត្តមានរបស់ Alexander Isak នៅទីផ្សាររដូវក្តៅ ហើយការស្វែងរកកីឡាករថ្មីជាអ្វីដែលក្លិបត្រូវធ្វើ។ Darwin Nunez ជាកីឡាករមានសក្តានុពល ហើយមានស្ថានភាពស្រដៀងគ្នានឹង Alexander Isak ដែលមានកំណត់ត្រាស៊ុតបញ្ចូលទីមិនសូវល្អនៅក្លិប Real Sociedad មុនពេលផ្លាស់មកក្លិប Newcastle United ឆ្នាំ ២០២២ ហើយបានក្លាយជាកីឡាករដែលមានការរីកចម្រើនខ្លាំងមួយរូប៕