×

ខ្សែការពារ Daniel Munoz របស់ Crystal Palace រងបណ្តឹងពីអតីតភ្នាក់ងាររបស់ខ្លួន

ខ្សែការពារស្តាំ Daniel Munoz របស់ក្លិប Crystal Palace បានជាប់ពាក់ព័ន្ធក្នុងបញ្ហាផ្លូវច្បាប់ ដោយអតីតភ្នាក់ងាររបស់គេ លោក Ruben Caicedo បានដាក់ពាក្យប្តឹងកីឡាករ និងភ្នាក់ងារ Juan Pablo Angel ជុំវិញការមិនបង់ថ្លៃកម្រៃជើងសារ ជុំវិញការផ្លាស់ប្តូរ របស់ Munoz ទៅកាន់ក្លិបនៅ Premier League ។

កីឡាករកូឡុំប៊ី វ័យ២៨ឆ្នាំ ដែលបានចូលរួមជាមួយ Crystal Palace ពីក្លិបបែលហ្ស៊ិក Genk ក្នុងខែមករា ឆ្នាំ២០២៤ តម្លៃ៨លានអឺរ៉ូ កំពុងប្រឈមនឹងការទាមទារកម្រៃជើងសារតាមផ្លូវច្បាប់ដែលមានចំនួនជិត១លានផោន។ ប្រភពពីសារពត៌មាន Marca អោយដឹងថា លោក Caicedo បានទាក់ទង Daniel Munoz ដំបូងនៅដើមខែមករាឆ្នាំ ២០២៣ ពេលរូបគេនៅលេងអោយ Genk ។ Munoz បានបង្ហាញពីបំណងចង់ផ្លាស់ទៅ Crystal Palace នឹងបានសុំអោយលោក Caicedo ចាត់ចែងលើការងារនេះ។

លោក Caicedo អះអាងថា លោកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការផ្លាស់ប្តូរ ប៉ុន្តែក្រោយមកកម្រៃជើងសាររបស់លោកបែរជាមិនត្រូវបានផ្តល់អោយ បន្ទាប់ពីភ្នាក់ងារលោក Juan Pablo Angel កាន់ការងារបន្តពីលោក ។ ភ្នាក់ងារលោកលោក Ruben Caicedo បានចោទប្រកាន់ថា នៅពេលដែលការផ្ទេរត្រូវបានបញ្ចប់ លោករំពឹងថានឹងទទួលបានចំណែកដែលបានព្រមព្រៀងគ្នាជាមួយកីឡាករ ប៉ុន្តែការបង់ប្រាក់មិនសម្រេចបានឡើយ។

ដោយឡែក នាយកផ្នែកកីឡារបស់ក្លិប Crystal Palace លោក Dougie Freedman បានប្រាប់លោក Caicedo ថាកម្រៃជើងសារ បានផ្តល់ទៅអោយភ្នាក់ងារថ្មីរបស់ Daniel Munoz គឺ លោក Juan Pablo Angel ។ ដោយមិនមានដំណោះស្រាយនោះ ទេ លោក Caicedo បានចាត់វិធានការតាមផ្លូវច្បាប់។

ទោះបីជាមានភាពចម្រូងចម្រាសនៅក្រៅទីលានក៏ដោយ Daniel Munoz បានក្លាយជាកីឡាករដ៏លេចធ្លោសម្រាប់ Crystal Palace ។ ចាប់តាំងពីមកដល់ទឹកដី Selhurst Park រូបគេ បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៤៨ដង នៅគ្រប់ការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន ៥ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន ៥ ដង។ ទម្រង់លេងដ៏គួរអោយចាប់អារម្មណ៍របស់ Daniel Munoz ថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍ពីក្លិបធំៗនៅ Premier League ដែលរួមមានទាំង Man City ផងដែរ។

ខណៈដែលទម្រង់លេងនៅលើទីលានមានការកត់សម្គាល់នោះ Daniel Munoz បែរជាត្រូវប្រឈមមុខនឹងការតស៊ូផ្នែកច្បាប់ដ៏សំខាន់ដែលអាចប៉ះពាល់ដល់អនាគតរបស់គេ។ ជាមួយនឹងករណីនេះនៅក្នុងតុលាការ ទាំងសាមីកីឡាករ និងអ្នកតំណាងរបស់គេនឹងត្រូវដោះស្រាយអោយបានឆាប់រហ័ស ដើម្បីជៀសវាងការរំខានបន្ថែមទៀតអំឡុងការប្រកបអាជីពរបស់គេជាមួយ Crystal Palace ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង