×

Chelsea នឹងបញ្ចេញខ្សែបម្រើ Noni Madueke នៅទីផ្សារដោះដូររដូវក្តៅខាងមុខ

Chelsea នឹងមានការមមាញឹកជាមួយនឹងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ មិនថាការទិញចូល ឬ លក់ចេញនោះទេ ហើយកីឡាករមួយរូបចុងក្រោយដែលក្លិបតោខៀវដាក់បានក្នុងបញ្ជីលក់ចេញគឺខ្សែបម្រើ Noni Madueke។

កីឡាករអង់គ្លេស មិនត្រូវបាន Chelsea ចាត់ទុកថាជាកីឡាករសំខាន់ដែលពួកគេចង់រក្សាទុកទោះនៅក្រោមកាលៈទេសៈណាក៏ដោយ។

Madueke បានចូលរួមជាមួយ Chelsea ដោយផ្លាស់មកពី PSV Eindhoven កាលពីខែមករា ឆ្នាំ២០២៣ ប៉ុន្តែរូបគេពិតជាមានភាពលំបាកក្នុងការស្វែងរកឱកាសលេងនាកីឡដ្ឋាន Stamford Bridge។
ជាក់ស្តែង នៅក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះ Noni Madueke បង្ហាញខ្លួន ២៣ ដង ស៊ុតបាន ៧ គ្រាប់ និង ចែកបាល់សម្រេចទី៣ ដង។

បន្ថែមពីនេះ ក្រោយពី Chelsea បាននាំយកកីឡាករថ្មីៗជាច្រើនរូបរួចមក Noni Madueke នឹងត្រូវក្លិបបញ្ចេញទៅវិញ ដើម្បីស្វែងរកការវិនិយោគផ្សេងទៀត។ ក្នុងនោះដែរ ក្លិបអ៊ីតាលី AC Milan ត្រូវបានដឹងថា បានចាប់អារម្មណ៍ កីឡាករវ័យ២៣ឆ្នាំ រូបនេះ។

AC Milan សង្ឃឹមថានឹងបើកការពិភាក្សាជាមួយ Chelsea នៅរដូវក្តៅ សម្រាប់ការនាំយក Madueke ដោយធ្វើការចរចាក្នុងតម្លៃ ៤០ លានអឺរ៉ូ។

ក្លិបទាំងពីរមានទំនាក់ទំនងល្អ ដោយសារតែការព្រមព្រៀងគ្នា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះសម្រាប់ការដោះដូរកីឡាករដូចជា Christian Pulisic និង Joao Felix ហើយ Noni Madueke អាចជាករណីមួយផ្សេងទៀតនៃការផ្លាស់ប្តូរកីឡាករពីកីឡដ្ឋាន Stamford Bridge ទៅកីឡដ្ឋាន San Siro ។

AC Milan មានទំនុកចិត្តក្នុងការបញ្ចប់កិច្ចព្រមព្រៀងសម្រាប់តម្លៃខាងដើម ហើយប្រសិនបើការចរចាទទួលជោគជ័យនោះ Chelsea ក៏នឹងអាចទទួលបានកីឡាករមួយរូបពី AC Milan វិញដែរ នោះគឺ ខ្សែបម្រើ Rafael Leao ដែលពួកគេបានចាប់អារម្មណ៍មួយរយៈមកហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង