×

Liverpool បង្ហាញការព្រួយបារម្ភនឹងបញ្ហារបួសក្បាលរបស់អ្នកចាំទី Alisson Becker

Liverpool បានបង្ហាញការព្រួយបារម្ភជាមួយនឹងបញ្ហារបួសក្បាលរបស់អ្នកចាំទី Alisson Becker ខណៈពួកគេចង់រក្សាភាពមិនចាញ់បន្តទៀតក្នុងការប្រកួតក្របខណ្ឌ Premier League។

កីឡាករវ័យ៣២ឆ្នាំ បានវិលមកកាន់ក្លិបហង្សក្រហមវិញ បន្ទាប់ពីមានបញ្ហារបួសអំឡុងពេលបំពេញភារកិច្ចជាមួយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតអន្តរជាតិ។

ជាក់ស្តែង Alisson Becker ត្រូវបានប្តូរចេញក្នុងជំនួបឈ្នះរបស់ក្រុមប្រេស៊ីល ២-១ ទៅលើ ក្រុមកូឡុំប៊ី នៅក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2026 តំបន់អាមេរិកខាងត្បូង ក្រោយប៉ះទង្គិចជាមួយអតីតខ្សែការពារ Tottenham Hotspur កីឡាករ Davinson Sanchez។

ឥឡូវនេះ រូបគេបានត្រលប់ទៅ Liverpool សម្រាប់ការវាយតម្លៃស្ថានភាពរបួសដោយក្រុមបុគ្គលិកពេទ្យរបស់ក្លិប។

Liverpool ប្រាកដជាត្រូវតាមដានស្ថានភាពរបួសរបស់ Alisson Becker ដោយយកចិត្តទុកដាក់ជាខ្លាំង ហើយមានការរំពឹងថា រូបគេនឹងមិនមានបញ្ហារបួសធំដុំឡើយ ជាពិសេសខណៈពេលដែលក្រុមកំពុងមានការនាំមុខលើកំពូលតារាង Premier League ហើយពួកគេចង់រក្សាលទ្ធផលល្អប្រសើរនេះតទៅទៀត។

Alisson នឹងខកខានការប្រកួតជម្រុះ FIFA World Cup 2026 នៅទឹកដីរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ប៉ុន្តែ Liverpool នឹងសង្ឃឹមថា រូបគេអាចមានវត្តមានសម្រាប់ការប្រកួតដំបូងរបស់ក្រុមបន្ទាប់ពីការសម្រាកអន្តរជាតិ ដោយត្រូវតទល់នឹងក្រុម Everton នៅកីឡដ្ឋាន Anfield នៅថ្ងៃទី ២ ខែមេសា ខាងមុខ។

ឆ្លងកាត់២៩ប្រកួតកន្លងមកក្នុងក្របខណ្ឌ Premier League 2024-25 នេះ Liverpool ចាញ់តែ១ដងប៉ុណ្ណោះ ហើយឈ្នះ ២១ដង ស្មើ៧ដង។ លទ្ធផលដ៏ល្អប្រសើរ ធ្វើអោយក្រុមរបស់គ្រូបង្វឹកលោក Arne Slot បច្ចុប្បន្នមាន ៧០ ពិន្ទុ នាំមុខ១២ពិន្ទុដាច់ពីក្រុមលេខ២ Arsenal ដោយនៅសល់៩ ប្រកួតទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង