×

ខ្សែការពារ Milos Kerkez ចង់ចាកចេញពី Bournemouth ទៅចូលរួម Liverpool

Liverpool កំពុងរៀបចំមូលដ្ឋានគ្រឹះសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅដ៏សំខាន់មួយ ជាមួយនឹងការពង្រឹងទីតាំងខ្សែការពារឆ្វេងដែលបានក្លាយជាអាទិភាពកំពូល។

ជាការពិត Andy Robertson គឺជាកីឡាករសំខាន់នៅកីឡដ្ឋាន Anfield មកជាច្រើនឆ្នាំ ប៉ុន្តែក្តីបារម្ភអំពីរយៈពេលនៃភាពរឹងមាំរបស់គេបានជំរុញអោយក្រុមហង្សក្រហមស្វែងរកខ្សែការពារថ្មី។ កីឡាករមួយរូបដែលទទួលបានការចាប់អារម្មណ៍ខ្លាំងគឺ ខ្សែការពារ Milos Kerkez របស់ Bournemouth។

កីឡាករអន្តរជាតិហុងគ្រី មានភាពលេចធ្លោនៅក្នុងក្របខណ្ឌ Premier League ធ្វើអោយគេទទួលបានការចាប់អារម្មណ៍ពីក្លិបកំពូលៗ ដែលរួមមានទាំង Liverpool ដែរ។ អ្នកជំនាញការផ្ទេរកីឡាករលោក Fabrizio Romano បានបញ្ជាក់ថា Kerkez ស្ថិតក្នុងចំណោមកីឡាករចំនួន៣រូបដែលត្រូវបានអនុម័តរួចហើយដោយគ្រូបង្វឹក Liverpool លោក Arne Slot សម្រាប់ការផ្លាស់ប្តូររដូវក្តៅ។ ទន្ទឹមនឹងដំណឹងថា ខ្លួនស្ថិតក្នុងបញ្ជីនៃការចង់បានរបស់ Liverpool នោះ សាមីកីឡាករ Milos Kerkez ក៏បានបង្ហាញពីបំណងចង់ទៅចូលរួមក្រុមកំពូលតារាងលីគកំពូលអង់គ្លេសដូចគ្នា។

ប្រភពពី Football Insider បញ្ជាក់ថា Liverpool បានផ្តួចផ្តើមការពិភាក្សាជាមួយអ្នកតំណាងរបស់ Kerkez រួចហើយ និងកំពុងដំណើរការរលូន។ អ្វីដែលជាការលើកទឹកចិត្តសម្រាប់ Liverpool គឺ Milos Kerkez មានទំនាក់ទំនងជិតស្និទ្ធជាមួយមិត្តរួមជាតិហុងគ្រី Dominic Szoboszlai ។

អាជីពរបស់ Milos Kerkez មានការរីកចម្រើនជាបន្តបន្ទាប់ដែលធ្វើអោយទាក់ចិត្តក្លិបនានា។ បន្ទាប់ពីបានលេងនៅក្រុមយុវជនរបស់ Rapid Wien និង Győri ETO FC រួច Milos Kerkez បានផ្លាស់ទៅ AC Milan ក្នុងឆ្នាំ ២០២១ និងបន្តទៅលេងអោយក្រុមហូឡង់ AZ Alkmaar ជាទីដែលគេពិតជាបានបង្ហាញសក្តានុពលរហូតទទួលបានការផ្លាស់ប្តូរទៅ Bournemouth នៅឆ្នាំ២០២៣។

ចាប់តាំងពីបានមកដល់ក្របខណ្ឌ Premier League មក Kerkez បានបង្ហាញខ្លួនក្នុងការប្រកួតចំនួន ៣២ នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយបានស៊ុត២គ្រាប់ និងចែកបាល់សម្រេចទី៥ដង។ ការរួមបញ្ចូលគ្នានៃភាពប៉ិនប្រសប់ក្នុងការវាយលុក និងការការពារ បានធ្វើអោយកីឡាករវ័យ២១ឆ្នាំ ក្លាយជាផ្នែកសំខាន់មួយរបស់ Bournemouth។

ជាមួយនឹង Andy Robertson កាន់តែមានវ័យជ្រេផងនោះ ការផ្លាស់ប្តូររបស់ Kerkez មកកាន់ Liverpool គឺសមស្របតាមចក្ខុវិស័យរយៈពេលវែងរបស់ក្រុម។ បើ Liverpool អាចចរចាជោគជ័យ Milos Kerkez អាចផ្តល់ប្រសិទ្ធភាពដល់ក្រុមភ្លាមៗ ព្រមទាំងដំណោះស្រាយរយៈពេលវែងនៅខ្សែការពារឆ្វេងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង