Napoli អាចនឹងលក់ខ្សែប្រយុទ្ធ Victor Osimhen ទៅកាន់ក្លិបណាដែលហ៊ានដាក់ការដេញថ្លៃខ្ពស់បំផុតនៅទីផ្សាររដូវក្តៅនេះ។
កីឡាករនីហ្សេរីយ៉ាហៀបនឹងផ្ទេរទៅកាន់ Chelsea កាលពីរដូវក្ដៅមុនទៅហើយ ប៉ុន្តែកិច្ចព្រមព្រៀងមិនបានសម្រេច ធ្វើអោយរូបគេត្រូវទៅចូលរួមក្រុមតួកគី Galatasaray ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលជំនួសវិញ។
ទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយនឹងទម្រង់លេងរបស់ Victor Osimhen តែ Napoli បានត្រៀមខ្លួនដើម្បីចែកផ្លូវជាមួយកីឡាករវ័យ២៦ឆ្នាំ រួចទៅហើយ។ Napoli សង្ឃឹមថា ថ្លៃផ្តាច់កុងត្រា ៧៥ លានអឺរ៉ូរបស់ Osimhen នឹងត្រូវបានទិញយកដោយក្លិបណាមួយ។
យោងតាមសារព័ត៌មាន Sky Sports បានអោយដឹងថា Man UTD អាចនឹងស្ថិតក្នុងទីតាំងដ៏រឹងមាំមួយក្នុងការទាញយកអត្ថប្រយោជន៍ពីស្ថានការណ៍នេះ ខណៈក្រុមបិសាចក្រហមកំពុងសម្លឹងមើលការពង្រឹងជម្រើសនៃការវាយលុក ដោយទាំង Rasmus Hojlund និង Joshua Zirkzee ហាក់ពិបាកក្នុងការបង្ហាញទម្រង់លេងរៀងខ្លួន។
ភាពងាយស្រួលនឹងកាន់តែកើនឡើងសម្រាប់ Man UTD ដ្បិត Paris Saint-Germain ដែលធ្លាប់ជាគូប្រជែងសម្រាប់ការចុះហត្ថលេខារបស់ Victor Osimhen បានដកខ្លួនចេញទៅវិញ។ តួយ៉ាង គ្រូបង្វឹក លោក Luis Enrique បាននិយាយថា លោកមិនជឿជាក់លើ Osimhen នឹងស័ក្តិសមសម្រាប់ក្រុមរបស់លោកទេ។
ដោយឡែក Victor Osimhen ក៏បានបង្ហាញពីបំណងជាយូរមកហើយសម្រាប់ការផ្លាស់ទៅលេងនៅ ក្របខណ្ឌ Premier League ហើយមិត្តរួមក្រុមជម្រើសជាតិនីហ្សេរីយ៉ារបស់គេគឺ William Troost-Ekong បានបញ្ជាក់ថាការផ្លាស់ទៅអង់គ្លេសទំនងជាមានប្រសិទ្ធភាពបន្ថែមទៀតដល់អាជីពរបស់ Osimhen ។
ហើយជាមួយនឹងគ្រូបង្វឹកលោក Ruben Amorim កំពុងស្វែងរកខ្សែប្រយុទ្ធម្នាក់ទៀតដើម្បីជួយដល់ទម្រង់ 3-4-2-1 របស់លោកអោយមានភាពរស់រវើកទៀតនោះ របាយការណ៍ពី Caught Offside អោយដឹងថា Man UTD កំពុងតាមដានយ៉ាងជិតស្និទ្ធលើស្ថានភាពរបស់ Victor Osimhen ។
បច្ចុប្បន្ន Victor Osimhen កំពុងលេងខ្ចីជើងនៅ Galatasaray ហើយរូបគេបានបង្ហាញទម្រង់លេងក្នុងកម្រិតខ្ពស់ថ្មី ដោយលេង៣០ប្រកួត រកគ្រាប់បាល់បញ្ចូលទីបានដល់ទៅ២៦គ្រាប់ឯណោះ៕