ខ្សែបម្រើ Luis Guilherme ប្រឈមមុខនឹងអនាគតមិនច្បាស់លាស់នៅឯ West Ham United ហើយរូបគេអាចនឹងធ្វើការផ្លាស់ប្តូរចេញនៅចុងបញ្ចប់នៃរដូវកាលនេះ។
Caught Offside បានផ្សព្វផ្សាយថា West Ham United បានត្រៀមលក់កីឡាករប្រេស៊ីល ប្រសិនបើពួកគេទទួលបានការផ្តល់ជូនដ៏ល្អ អំឡុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។
ក្លិបដូចជា Wolves, Crystal Palace, Flamengo, Napoli, Atletico Madrid និង Shakhtar Donetsk សុទ្ធតែកំពុងតាមដានស្ថានភាពរបស់ Luis Guilherme ប៉ុន្តែក្លិបទាំងនោះចង់ចុះហត្ថលេខាលើរូបគេក្នុងលក្ខខណ្ឌខ្ចីដោយគ្មានកាតព្វកិច្ចទិញយកនោះទេ។
ទន្ទឹមនឹងនេះដែរ West Ham United បានសម្រេចដាក់តម្លៃប្រមាណ ៣០លានអឺរ៉ូសម្រាប់កីឡាករវ័យ១៩ឆ្នាំ ហើយវានឹងគួរអោយចាប់អារម្មណ៍ថា តើក្លិបណាមានឆន្ទៈក្នុងការនាំយករូបគេទៅចូលរួមជាអចិន្ត្រៃយ៍។
Luis Guilherme បានចាកចេញពី Palmeiras មកចូលរួម West Ham United នៅក្នុងខែមិថុនា កន្លងទៅ ប៉ុន្តែរូបគេមានឱកាសលេងតិចតួចមែនទែន នៅកីឡដ្ឋាន London Stadium។
Guilherme ត្រូវបានដឹងថា បានផ្តោតលើការអភិវឌ្ឍន៍ខ្លួន ហើយគេគួរតែចូលរួមក្លិបមួយដែលផ្តល់ឱកាសលេងដល់គេជាទៀងទាត់។ ការអង្គុយលើកៅអីបម្រុងដូចនៅ West Ham United ទំនងជាមិនផ្តល់ប្រយោជន៍ដល់រូបគេទេ។
មែនទែនទៅ កីឡាករវ័យ ១៩ ឆ្នាំ គឺជាយុវជនដែលមានទេពកោសល្យមួយរូប ហើយគេអាចអភិវឌ្ឍខ្លួនទៅជាកីឡាករឆ្នើមនាពេលអនាគត បើសិនជាបានចូលរួមជាមួយក្លិបត្រឹមត្រូវ ដែលផ្តល់ឱកាសដល់រូបគេ។
ជាមួយនឹងវត្តមានកីឡាករដូចជា Mohammed Kudus និង Jarrod Bowen រួចហើយនោះ West Ham United នឹងមិនអាចផ្តល់ឱកាសច្រើនដល់ Luis Guilherme នៅរដូវកាលក្រោយទេ ហើយវាសមហេតុផលដែលក្លិបត្រូវតែលក់គេចេញ និងយកប្រាក់ដែលបានមកពីការលក់រូបគេទោវិនិយោគទៅក្នុងក្រុមដែលកំពុងលេងនៅពេលនេះវិញ៕