
Tottenham Hotspur កំពុងប្រឈមមុខនឹងការបាត់បង់កីឡាករសំខាន់មួយរូបនៅរដូវក្តៅ គឺ Cristian Romero ដែលបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុមអេស្ប៉ាញទាំង Real Madrid និង Atletico Madrid ។
ខ្សែការពារជនជាតិអាហ្សង់ទីន វ័យ២៦ឆ្នាំ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីទី Tottenham Hotspur ចាប់តាំងពីរដូវក្តៅ មកម្ល៉េះ ដោយ Real Madrid ជាក្រុមនាំមុខគេលើការនាំយករូបគេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្លិប Tottenham Hotspur លោក Daniel Levy បានបញ្ចៀសការចង់បានរបស់ក្រុមទាំងនោះ ដោយបានដាក់តម្លៃកីឡាករយ៉ាងខ្ពស់ដល់ទៅ ១៥០ លានផោន។ ទោះបីជាយ៉ាងនេះក្តី ការចាប់អារម្មណ៍របស់ក្រុម Real Madrid មិនបានធ្លាក់ចុះនោះទេ ហើយពួកគេនៅតែចង់នាំយក Cristian Romero ទៅរួមក្រុមអោយខានតែបាន ។
ឥឡូវនេះ គូប្រជែងក្នុងទីក្រុង Madrid គឺ ក្រុម Atletico Madrid ក៏បានលេចចេញជាគូប្រកួតយ៉ាងខ្លាំងក្លាមួយទៀត។ បើតាមសារព័ត៌មាន Sky Sports ក្រុមរបស់លោក Diego Simeone មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើប្រធានក្រុម Tottenham Hotspur នៅរដូវក្ដៅនេះ។
Atletico Madrid កំពុងតាមដានស្ថានការណ៍វិវឌ្ឈន៍របស់ Cristian Romero យ៉ាងដិតដល់ ហើយបានមើលឃើញថា គេបានក្លាយជាខ្សែការពារកណ្តាលដែលមានសមត្ថភាពកំពូលមួយរូបនៅលើពិភពលោក។
កិច្ចសន្យាបច្ចុប្បន្នរបស់ Cristian Romero ដំណើរការរហូតដល់ឆ្នាំ ២០២៧ ប៉ុន្តែរូបគេនឹងឈានចូលរយៈពេល២ ឆ្នាំចុងក្រោយនៃកិច្ចសន្យា នៅខែកក្កដាខាងមុខ។
សម្រាប់ Tottenham Hotspur មានបំណងចង់ធានាវត្តមានរបស់ Cristian Romero ដោយចង់បន្តកិច្ចសន្យារយៈពេលវែងបន្ថែម ហើយថែមទាំងមានឆន្ទៈធ្វើអោយរូបគេក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតរបស់ក្រុម។ យ៉ាងណា របាយការណ៍បង្ហាញថាលោក Daniel Levy បានចេញសេចក្តីកំណត់មួយ គឺ Cristian Romero ត្រូវតែសម្រេចចិត្តអនាគតរបស់គេអោយដាច់ណាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។ ប្រសិនបើ Cristian Romero បដិសេធមិនព្រមបន្តនៅ Tottenham Hotspur នោះពួកគេក៏បើកទូលាយក្នុងការលក់រូបគេចេញនៅទីផ្សាររដូវក្តៅខាងមុខផងដែរ៕