×

ខ្សែការពារ Trent Alexander-Arnold ឈានដល់ការពិភាក្សាចុងក្រោយជាមួយ Real Madrid

ខ្សែការពារ Trent Alexander-Arnold របស់ Liverpool កំពុងពិភាក្សាលើការបញ្ចប់ការចុះហត្ថលេខាទៅកាន់ Real Madrid លើការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ។

ការពិភាក្សាជុំវិញការផ្ទេរកីឡាករអង់គ្លេស បានអូសបន្លាយជាយូរមកហើយ ខណៈភាគីក្រុមអេស្ប៉ាញសម្លឹងរកការនាំយករូបគេអោយបាន មុនពេលចាប់ផ្តើមរដូវកាលក្រោយ។

ប្រភពជិតស្និទ្ធនឹងដំណើរការចរចានេះ បានប្រាប់ BBC Sport ថា ការងារឆ្ពោះទៅរកការបញ្ចប់ការផ្ទេរកំពុងឈានដល់ដំណាក់កាលចុងក្រោយ ទោះជាមិនមានការចុះហត្ថលេខានៅឡើយក្តី។

Alexander-Arnold ស្ថិតក្នុងរយៈពេល៣ខែចុងក្រោយនៃកិច្ចសន្យារបស់គេនៅ Liverpool ហើយមានសេរីភាពក្នុងការពិភាក្សាអំពីការផ្លាស់ប្តូរទៅកាន់ក្រុមនៅក្រៅប្រទេស។ Real Madrid បានធ្វើអោយកីឡាករវ័យ ២៦ឆ្នាំ ក្លាយជាគោលដៅអាទិភាពនៅរដូវក្តៅនេះ ដោយពួកគេបានតាមដានរូបគេជិត២ឆ្នាំឯណោះ។

Alexander-Arnold បានដុះដាលចេញពីថ្នាលយុវជនរហូតបានលេងអោយក្រុមឈុតធំ Liverpool និង បានអភិវឌ្ឈន៍ខ្លួនក្លាយជាកីឡាករសំខាន់មួយរូបរបស់ក្រុមហង្សក្រហម ហើយបានរួមចំណែកឈ្នះពាន Premier League, Champions League និង Club World Cup ក្នុងរយៈពេល១៤ខែ ក្នុងឆ្នាំ២០១៩ និង ២០២០។ រូបគេបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល៤ឆ្នាំនៅរដូវក្តៅឆ្នាំ២០២១។

ត្រឹមរដូវក្តៅឆ្នាំ ២០២៤ គេនៅសល់កុងត្រាមួយឆ្នាំទៀត តែគ្មានកិច្ចព្រមព្រៀងថ្មីជាមួយ Liverpool ត្រូវបានធ្វើឡើងទេ ខណៈទំនាក់ទំនងរវាងអ្នកគាំទ្រ Liverpool និង Alexander-Arnold កាន់តែតានតឹង។

កន្លងទៅ Alexander-Arnold បានធ្វើអោយអ្នកគាំទ្រ Liverpool ខឹងសម្បា ដោយកាលពីខែតុលា គេបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Sky Sports ថា គេនឹងឈ្នះ Ballon d’Or ដែលជាពានរង្វាន់ល្អជាង UEFA Champions League ដែលគេបានឈ្នះជាមួយ Liverpool។ ចាប់តាំងពីពេលនោះមក មានអ្នកគាំទ្រ Liverpool យល់ថា Alexander-Arnold ផ្តោតតែលើសមិទ្ធិផលផ្ទាល់ខ្លួន ជាជាងការជួយក្រុម។

ខណៈពេលដែល Alexander-Arnold បានជួយអោយ Liverpool ស្ថិតក្នុងទីតាំងដ៏រឹងមាំដើម្បីត្រៀមឈ្នះពានរង្វាន់ Premier League រដូវកាលនេះ វានៅតែត្រូវមើលថាតើការទទួលស្វាគមន៍បែបណាដែល រូបគេ នឹងទទួលបានពីអ្នកគាំទ្រ ខណៈដែលសាមីកីឡាករមើលទៅទំនងជាចង់ចាកចេញពី Liverpool ដោយមិនមានការសោកស្តាយអ្វីទាំងអស់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង