
Chelsea កំពុងស្វែងរកខ្សែបម្រើស្លាបឆ្វេងថ្មីនៅរដូវក្តៅនេះ ហើយកីឡាករមួយរូបដែលត្រូវបានពិចារណាគឺ ខ្សែបម្រើ Jack Grealish ដែលគ្រោងនឹងបញ្ចប់ការរួមរស់ជាមួយ Man City។
Chelsea មានបញ្ហាជាមួយជម្រើសខ្សែបម្រើស្លាបរបស់ពួកគេនៅរដូវកាលនេះ។ តួយ៉ាង Pedro Neto និង Jadon Sancho បានជួបការលំបាក ក្នុងការបញ្ចេញសក្កដានុពលជាមួយក្រុម ចាប់តាំងពីការមកដល់របស់ពួកគេកាលពីរដូវក្តៅមុន ដូច្នេះវាចាំបាច់ដែល Chelsea ត្រូវចុះហត្ថលេខានាំយកកីឡាករថ្មី ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករពេលខាងមុខ។
ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ Chelsea ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករកំពូលៗជាច្រើន ដូចជា Rafael Leao របស់ AC Milan ដែលមានភាគរយខ្ពស់ក្នុងការផ្លាស់ទៅកាន់កីឡដ្ឋាន Stamford Bridge ។ ទោះយ៉ាងណា ពួកគេក៏កំពុងសម្លឹងមើលកីឡាករនៅក្នុងក្របខណ្ឌ Premier League ដែរ ហើយកីឡាករដែលធ្វើអោយមានការចាប់អារម្មណ៍ខ្លាំងគឺ Jack Grealish ។
ដូចដែលបានរាយការណ៍ដោយ TEAM talk ក្រុម Chelsea បានចូលរួមការប្រជែងដើម្បីចុះហត្ថលេខាលើ Grealish ដែលនឹងអាចចាកចេញពី Man City ។ កីឡាករវ័យ ២៩ឆ្នាំ ដែលត្រូវបានចុះហត្ថលេខាក្នុងតម្លៃ ១០០ លានផោនក្នុងឆ្នាំ ២០២១ បានបាត់បង់ប្រជាប្រិយនៅឯកីឡដ្ឋាន Etihad ដូច្នេះ ការចាកចេញរបស់គេគឺទំនងជៀសមិនរួចទេ។
Jack Grealish ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិប Premier League ជាច្រើននៅមួយរយៈចុងក្រោយ ដូចជា Aston Villa, Newcastle United និង Tottenham Hotspur។
ឥឡូវនេះ Chelsea គឺជាក្រុមចុងក្រោយគេក្នុងការចូលរួមប្រជែងផ្ទេរកីឡាករ ហើយពួកគេក៏ត្រៀមចំណាយច្រើនបំផុតសម្រាប់កីឡាករអន្តរជាតិអង់គ្លេសរូបនេះ។
សម្រាប់ Man City វិញ ត្រូវបានគេនិយាយថា មានបំណងចង់យកមកវិញនូវទឹកប្រាក់ចំនួន ១០០ លានផោនដែលបានចំណាយលើ Jack Grealish ដែលតម្លៃដ៏ថ្លៃនេះអាចធ្វើអោយក្រុមមួយចំនួន ត្រូវដកថយទៅវិញ ប៉ុន្តែ Chelsea នៅតែចាប់អារម្មណ៍ចង់បាន Jack Grealish ដដែល៕