×

ខ្សែបម្រើ Kevin De Bruyne ស្ថិតក្នុងគោលដៅផ្ទេររបស់ក្លិប River Plate

ខ្សែបម្រើ Kevin De Bruyne អាចនឹងបញ្ចប់ការស្នាក់នៅរបស់គេរយៈពេល ១០ ឆ្នាំនៅ Man City នារដូវក្តៅខាងមុខ ប៉ុន្តែរូបគេនៅតែស្ថិតក្នុងរ៉ាដារបស់ក្លិបនានា បើទោះបីជាមានការធ្លាក់ចុះកម្រិតនៃការលេងក្នុងរយៈពេល ២-៣ ឆ្នាំ ចុងក្រោយនេះក្តី។

កីឡាករបែលហ្ស៊ីក ត្រូវបានបង្ខំអោយកំណត់នាទីលេងសម្រាប់ Man City នៅរដូវកាលនេះ ក្រោយមានបញ្ហារបួសសរសៃពួរ ហើយលោក Pep Guardiola ក៏ពឹងផ្អែកលើកីឡាករផ្សេងទៀតដូចជា Phil Foden និងកីឡាករចំណូលថ្មី Omar Marmoush ។ យ៉ាងណា De Bruyne ត្រូវបានរំពឹងថានឹងដឹកនាំក្រុមរបស់លោក Pep Guardiola អោយមានភាពខ្លាំងក្លាឡើងវិញនៅរដូវកាល ២០២៥-២៦ ក្រោយមានការខកចិត្តនៅរដូវកាល ២០២៤-២៥។

ក្នុងប៉ុន្មានខែថ្មីៗនេះ De Bruyne ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបនានានៅ Major League Soccer និង Saudi Pro Leauge។ ឥឡូវនេះ មានក្លិបមួយនៅក្របខណ្ឌ Primera División របស់អាហ្សង់ទីន គឺ River Plate បានបង្ហើបអោយដឹងពីគម្រោងដ៏គួរអោយភ្ញាក់ផ្អើលគឺចង់ចូលរួមប្រជែងនាំយក Kevin De Bruyne ទៅចូលរួមជាមួយពួកគេដែរ។

នៅក្នុងបទសម្ភាសន៍ជាមួយ River Monumental អតីតវីរបុរសរបស់ River Plate លោក Carlos Morete ក៏បានជំរុញអោយក្លិបអាហ្សង់ទីននេះ ធ្វើការផ្លាស់ប្តូរសម្រាប់ De Bruyne នៅពេលដែលគេចាកចេញពី Man City។

លោក Carlos Morete អោយដឹងដូច្នេះថា “River Plate នឹងមានគម្រោងដ៏អស្ចារ្យជាមួយ De Bruyne។ ក្លិបអាចចំណាយ២០ លានដុល្លារ ដើម្បីនាំយករូបគេមក ហើយក្លិបនឹងអាច ដោះស្រាយបញ្ហាទាំងអស់បាន។”

វានឹងក្លាយជារឿងគួរអោយចាប់អារម្មណ៍ក្នុងការមើលពីក្លិបដែល Kevin De Bruyne នឹងលេងជាមួយនៅចុងរដូវក្តៅនេះ។ រូបគេ ជាកីឡាករពោរពេញដោយទេព្យកោសល្យមួយរូប ប៉ុន្តែគេប្រហែលជានឹងមិនល្អគ្រប់គ្រាន់សម្រាប់ក្រុមមេឃខៀវទៀតទេ។ យ៉ាងណា នៅតែមានការរំពឹងទុកថា មានក្លិបជាច្រើនដែលនឹងចាំទទួលយក Kevin De Bruyne ហើយនឹងធ្វើអោយរូបគេ នៅតែជាកីឡាករបាល់ទាត់ដ៏អស្ចារ្យមួយរូបបានដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង