×

Chelsea សម្លឹងឃើញអ្នកចាំទី Mike Maignan របស់ AC Milan មកដោះស្រាយបញ្ហាដែលកំពុងកើតមាន

ក្រុម Chelsea មិនទាន់អាចដោះស្រាយបញ្ហាអ្នកចាំទីរបស់ពួកគេបានទេ ទោះជាមានការចុះហត្ថលេខាជាច្រើនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយអ្វីៗច្រើនទៀតអាចនឹងកើតមាននៅឆ្នាំ២០២៥ ដោយគោលដៅថ្មីត្រូវបានមើលឃើញ។

អ្នកចាំទី Robert Sanchez មានកំហុសច្រើន ខណៈពេលដែលអ្នកចាំទីបម្រុង Filip Jorgensen ដែលទើបតែបានចុះហត្ថលេខាពី Villarreal កាលពីរដូវក្តៅមុននោះ ក៏ពិបាកក្នុងការសម្របខ្លួននៅកីឡដ្ឋាន Stamford Bridge ដែរ។

ព្រោះតែរឿងនេះ Chelsea កំពុងពិចារណាលើការចូលខ្លួនក្នុងទីផ្សាររដូវក្តៅ ដើម្បីស្វែងរកអ្នកចាំទីថ្មីមកដោះស្រាយបញ្ហាដែលកំពុងកើតមាន។ តួយ៉ាង គោលដៅចុងក្រោយរបស់ពួកគេក៏បង្ហាញអោយឃើញដែរនោះគឺអ្នកចាំទី Mike Maignan របស់ក្រុម AC Milan។

ដូចដែលបានរាយការណ៍ដោយ TEAM Talk ក្រុម Chelsea កំពុងពិចារណាលើការផ្លាស់ប្តូររដូវក្តៅសម្រាប់ Mike Maignan ដែលជាវីរបុរសរបស់ក្រុមជម្រើសជាតិបារាំង ដោយបានការពារសំណាញ់ទីពីការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដែលបានជួយបារាំងឈ្នះក្រូអាតក្នុងការប្រកួតក្របខណ្ឌ UEFA Nations League ។ កីឡាករវ័យ ២៩ ឆ្នាំ ត្រូវបានគេចាត់ទុកថាជាអ្នកចាំទីដ៏ល្អបំផុតម្នាក់នៅទ្វីបអឺរ៉ុប ហើយឥឡូវនេះគេអាចនឹងបន្តអាជីពដ៏ភ្លឺស្វាងរបស់គេនៅក្របខណ្ឌ Premier League ។

Mike Maignan ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Man UTD នាពេលកន្លងមក បច្ចុប្បន្នគឺជាអ្នកចាំទីដៃទី១ ដ៏លេចធ្លោនៅ AC Milan ប៉ុន្តែបែបនេះក្តី វានៅតែមានឱកាសដែលក្រុមនៅក្របខណ្ឌ Serie A ដាក់លក់រូបគេស្វែងរកប្រាក់ចំណេញ។ នៅរដូវក្ដៅនេះ Mike Maignan អាចមានតម្លៃដល់ទៅ ៤០ លានអឺរ៉ូ ឯណោះ។

Mike Maignan នឹងក្លាយជាបេក្ខភាពដ៏ល្អម្នាក់ដើម្បីបញ្ចប់បញ្ហាអ្នកចាំទីរបស់ Chelsea ហើយការផ្លាស់ប្តូរដ៏គួរអោយចាប់អារម្មណ៍អាចនឹងកើតឡើងនៅពេលខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង