ស្ថាប័ន Premier League បានប្រកាសថា ពួកគេនឹងបើកអោយមានទីផ្សារដោះដូរកីឡាករចំនួន២ដងនៅរដូវក្តៅនេះ ដើម្បីអនុញ្ញាតអោយ Man City និង Chelsea អាចចុះហត្ថលេខាលើកីឡាករមុនការប្រកួត FIFA Club World Cup 2025។
ទីផ្សារដោះដូរកីឡាកររដូវក្តៅលើកទី១ នឹងបើកនៅចន្លោះថ្ងៃទី១ខែមិថុនា និងថ្ងៃទី ១០ខែមិថុនា បន្ទាប់មកបិទរយៈពេល ៥ថ្ងៃ មុនពេលដំណើរការម្តងទៀតចាប់ពីថ្ងៃទី ១៦ ខែមិថុនា រហូតដល់ថ្ងៃទី ១ខែកញ្ញា។ ទីផ្សាររដូវក្តៅនេះមានលក្ខណៈពិសេសដោយសារ FIFA Club World Cup 2025 បានបង្កើនចំនួនក្រុមប្រកួតជាលើកដំបូងដល់៣២ក្រុម។ ជាការពិត Man City និង Chelsea ជាក្លិបតែ២គត់ នៅក្របខណ្ឌ Premier League ដែលនឹងទៅចូលរួម FIFA Club World Cup 2025 ដែលធ្វើឡើងនៅទឹកដីអាមេរិក។
ជាមួយនឹងទម្រង់នៃការប្រកួត Club World Cup ថ្មី ខាងស្ថាប័ន FIFA បានអនុញ្ញាតអោយកីឡាករថ្មីចុះឈ្មោះសម្រាប់ការប្រកួត ចាប់ពីថ្ងៃទី ១-១០ ខែមិថុនា ហើយម្តងទៀតចាប់ពីថ្ងៃទី ២៧ ខែមិថុនាដល់ថ្ងៃទី ៣ ខែកក្កដា សម្រាប់វគ្គជម្រុះ។
សម្រាប់មូលហេតុនៃការអនុញ្ញាតអោយក្រុមអាចចុះឈ្មោះកីឡាករថ្មីបាន ព្រោះវានឹងនាំមកនូវសណ្តាប់ធ្នាប់ដល់ប្រព័ន្ធចុះឈ្មោះកីឡាករជាសកល តែស្ថាប័ន FIFA នឹងអោយទីផ្សារនៅក្នុងប្រទេសនីមួយៗបើកសម្រាប់រយៈពេល ១៦ សប្តាហ៍ ក្នុងប្រតិទិនប្រកួត ។
នៅតំបន់អ៊ឺរ៉ុប ទីផ្សារដោះដូរកីឡាកររដូវរងា មានតែ៤សប្តាហ៍ តែវាមាន១២សប្តាហ៍សម្រាប់ទីផ្សាររដូវក្តៅ។ នៅឆ្នាំ ២០២៤ ទីផ្សារដោះដូរកីឡាករនៅក្របខណ្ឌ Premier League បានបើកនៅថ្ងៃទី ១៤ ខែមិថុនា និងបិទនៅថ្ងៃទី ៣០ ខែសីហា។ យ៉ាងណា នៅក្នុងខែតុលា FIFA បានអនុម័តរយៈពេលបន្ថែមចាប់ពីថ្ងៃទី ១-១០ ខែមិថុនាដែលនឹងអនុញ្ញាតអោយក្លិបចំនួន ៣២ ដែលប្រកួតប្រជែងក្នុង Club World Cup ចុះឈ្មោះកីឡាករថ្មីមុនពេលការប្រកួត។
ក៏ដូចជា Man City និង Chelsea, ក្លិប Real Madrid, Atletico Madrid, Inter Milan, Juventus, Paris St-Germain, Bayern Munich, Borussia Dortmund និង Al-Hilal របស់អារ៉ាប៊ីសាអូឌីត គឺស្ថិតក្នុងចំណោមក្លិបជើងខ្លាំង ផ្សេងទៀតដែលលេងក្នុងការប្រកួតនេះ។ ដូច្នេះដើម្បីធានាថា Man City និង Chelsea មិនចាញ់ប្រៀប ក្លិបកំពូលទាំង ១៨ ផ្សេងទៀត ស្ថាប័ន Premier League បានអនុម័តការបើកទីផ្សារនេះ។
ទោះយ៉ាងណា ក្របខណ្ឌ Premier League ក៏ចង់អោយពេលវេលាស្របគ្នាទៅនឹងលីគធំៗនៅអឺរ៉ុបផ្សេងទៀត នៅពេលដែលទីផ្សាររដូវក្តៅបិទដែរ ដោយលីគទាំងនោះចូលចិត្តបិទទីផ្សារ នៅចុងខែសីហា៕