×

កីឡាករ២រូបនឹងមានវត្តមានឡើងវិញក្នុងជំនួប Man UTD ប៉ះ Nottingham Forest

Man UTD របស់គ្រូបង្វឹកលោក Ruben Amorim នឹងមានវត្តមានកីឡាករ២រូបមកវិញ នោះគឺខ្សែការពារ Harry Maguire និង Leny Yoro ពេលដែលពួកគេត្រូវប្រកួតទល់នឹង Nottingham Forest ក្នុងជំនួបក្របខណ្ឌ Premier League ពាក់កណ្តាលសប្តាហ៍នេះ។

Harry Maguire បានអវត្តមាន២ប្រកួតចុងក្រោយរបស់ Man UTD ដោយសាររបួសកំភួនជើង នៅមុនពេលការសម្រាកអន្តរជាតិ ខណៈ Leny Yoro មានបញ្ហាប្រអប់ជើង។

ជុំវិញរឿងនេះ លោក Ruben Amorim បានអោយដឹងមុនការប្រកួតចូលមកដល់ថា “ យើងមានកីឡាករដែលវិលត្រឡប់មករួមក្រុមវិញ ដែលវាជារឿងល្អសម្រាប់ក្រុម។ គូប្រកួតរបស់យើងកំពុងមានលទ្ធផលល្អ ហើយខ្ញុំកោតសរសើរពួកគេ ប៉ុន្តែពេលនេះពួកយើង មានភាពរឹងមាំឡើងវិញជាបណ្តើរៗ ហើយយើងសង្ឃឹមថា យើងនឹងទទួលបានលទ្ធផលល្អក្នុងការប្រកួត។”

ក្រៅពី Harry Maguire និង Leny Yoro ដែលអាចវិលមករួមក្រុមវិញហើយ កីឡាករ Luke Shaw និង Kobbie Mainoo ក៏បានធូរស្រាលរបួសរបស់ពួកគេផងដែរ ប៉ុន្តែមិនមានភាពពេញលេញសម្រាប់ការបង្ហាញខ្លួននៅលើទីលាននៅឡើយទេ។

Man UTD បច្ចុប្បន្នកំពុងឈរលេខ១៣ក្នុងតារាងពិន្ទុ ក្របខណ្ឌ Premier League ដោយមានលទ្ធផលល្អមិនចាញ់៤ប្រកួតចុងក្រោយមកនេះ។ យ៉ាងណា ពួកគេនឹងត្រូវជួបប្រទះការសាកល្បងថ្មី ដោយត្រូវប៉ះក្រុម Nottingham Forest ដែលកំពុងឡើងជើងយ៉ាងខ្លាំង និងឈរលេខ៣ ក្នុងតារាងពិន្ទុ ដែលវាជាការវិលទៅកាន់ការប្រកួតកម្រិតកំពូលរបស់ Nottingham Forest ក្នុងរយៈពេល ៤៥ឆ្នាំមកនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង