×

Man City បង្កើនការព្រួយបារម្ភក្រោយខ្សែប្រយុទ្ធ Erling Haaland មានបញ្ហារបួស

ខ្សែប្រយុទ្ធ Erling Haaland របស់ Man City នឹងជួបគ្រូពេទ្យឯកទេសបន្ទាប់ពីរងរបួសកជើងក្នុងការប្រកួតពានរង្វាន់ FA Cup ដែលពួកគេបានឈ្នះ Bournemouth ដោយលទ្ធផល ២-១ នៅវគ្គ៨ក្រុមចុងក្រោយ ហើយឡើងវគ្គ៤ក្រុមចុងក្រោយជួបក្រុម Nottingham Forest ។

កីឡាករសញ្ជាតិន័រវេសត្រូវបានប្តូរចេញនៅនាទី៦១ បន្ទាប់ពីរកបានគ្រាប់បាល់តាមស្មើ សម្រាប់ Man City រួច។ ក្នុងការប្រកួតនោះ Erling Haaland បានប៉ះទង្គិចជាមួយ កីឡាករ Lewis Cook ហើយរូបគេហាក់មានបញ្ហាឈឺចាប់នឹងត្រូវបានប្តូរចេញ។ ក្រោយមក Erling Haaland ត្រូវបានប្រទះឃើញនៅក្នុងវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម គឺរូបគេបានចាកចេញពីកីឡដ្ឋាន Vitality ដោយប្រើប្រាស់ឈើច្រត់ជាជំនួយ ហើយកជើងខាងឆ្វេងរបស់គេត្រូវរុំបង់ការពារ។ ជាមួយនឹងបញ្ហារបួសរបស់កីឡាករវ័យ២៤ឆ្នាំ បានបង្កើនការព្រួយបារម្ភសម្រាប់ Man City ដោយមិនច្បាស់ថា របួសនេះនឹងត្រូវធ្វើអោយរូបគេអវត្តមានយូរប៉ុណ្ណោះនោះទេ។

Man City បានអះអាងថា Haaland ដែលបានស៊ុតបញ្ចូលទីបាន ៣០ គ្រាប់ក្នុងការបង្ហាញខ្លួន ៤០ប្រកួតក្នុងរដូវកាលនេះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ មុនពេលត្រូវបញ្ជូនទៅគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាល។ ក្លិបមេឃខៀវ បន្ថែមថា ពួកគេរំពឹងថា Haaland នឹងមានភាពធូរស្រាលពេញលេញ ក្នុងការលេងការប្រកួតដែលនៅសេសសល់នៅរដូវកាលនេះរួមទាំងការប្រកួត FIFA Club World Cup 2025 នាពេលខាងមុខ។

FA Cup គឺជាពានរង្វាន់ក្នុងស្រុកតែមួយគត់ដែល Man City នៅមានក្តីសង្ឃឹមក្នុងការឈ្នះ ខណៈយុទ្ធនាការការពារជើងឯក Premier League ហាក់មានភាពលំបាក និងឃ្លាតឆ្ងាយ។ Man City ក៏ បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League និង EFL Cup រួចទៅហើយ។

គ្រូបង្វឹក លោក Pep Guardiola នឹងត្រូវជួបប្រទះភាពស្មុគស្មាញកាន់តែខ្លាំង ដោយត្រូវដោះស្រាយបញ្ហារបួសទៅលើកីឡាករសំខាន់ៗ ហើយពួកគេត្រូវតស៊ូដើម្បីប្រជែងពានរង្វាន់។ Man City បច្ចុប្បន្នឈរនៅលេខរៀងទី៥ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League តិចជាង១ពិន្ទុពីក្រុមលេខ៤ Chelsea។ ពួកគេនឹងត្រូវបន្តជួបជាមួយ Leicester City នាជំនួបក្របខណ្ឌ Premier League ដែលធ្វើឡើងនាពាក់កណ្តាល សប្តាហ៍នេះ នាកីឡដ្ឋាន Etihad ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង