
ខ្សែបម្រើ Isco របស់ Real Betis បានជំរុញអោយក្រុមខ្លួនទិញយកខ្សែប្រយុទ្ធ Antony ពី Man UTD នៅរដូវកាលក្រោយ បន្ទាប់ពីកីឡាករប្រេស៊ីលបង្ហាញទម្រង់លេចធ្លោ។
លេងអោយ Real Betis ក្នុងនាមជាកីឡាករខ្ចីជើងរហូតបញ្ចប់រដូវកាល ២០២៤-២៥ Antony ត្រូវបាន Man UTD បញ្ចេញមកកាន់ទឹកដីអេស្ប៉ាញ ក្រោយរូបគេធ្លាក់ទម្រង់លេងខ្លាំង។ យ៉ាងណា នៅ Real Betis កីឡាករវ័យ២៥ឆ្នាំ បានបង្ហាញទម្រង់លេងល្អឡើងវិញ ហើយតែងរួមចំណែកយកបានជ័យជំនះដល់ Real Betis។ Antony មិនស្ថិតក្នុងជម្រើសទិញដាច់នោះទេ ហើយរូបគេនឹងវិលត្រឡប់ទៅ Man UTD វិញ ក្រោយចប់រដូវកាលនេះ។
ទោះយ៉ាងណា ជាមួយទម្រង់លេងល្អ Isco បានជំរុញអោយ Real Betis ដើម្បីទិញផ្តាច់យកកីឡាករប្រេស៊ីល ពី Man UTD ដើម្បីអាចអោយគេបន្តជួយក្រុមនៅរដូវកាលថ្មី។ Antony នៅសល់កិច្ចសន្យាជាមួយ Man UTD ដល់ឆ្នាំ២០២៧។
អតីតកីឡាករ Real Madrid និងជម្រើសជាតិអេស្ប៉ាញ បាននិយាយដូចនេះ “យើងគួរតែទិញផ្តាច់ Antony ដើម្បីគេអាចស្នាក់នៅទីនេះនៅឆ្នាំបន្ទាប់ទៀតបាន។ ខ្ញុំពិតជារីករាយដែលបានលេងជាមួយ Antony។ រូបគេធ្វើអោយយើងភ្ញាក់ផ្អើលចំពោះសមត្ថភាព និងការខំប្រឹងរបស់គេ។ យើងចាប់អារម្មណ៍ថា គេបានផ្លាស់ប្តូរចាប់តាំងពីពេលមកដល់។ យើងរីករាយសម្រាប់គេ និងសម្រាប់ក្រុមទាំងមូល។”
Isco ពិតជាចង់អោយអតីតកីឡាករ Ajax Amsterdam រូបនេះ បន្តលេង ១រដូវកាល ថែមទៀតលើទឹកដីអេស្ប៉ាញ និងជឿថារឿងនេះនឹងអាចកើតឡើង ព្រោះផ្តល់ប្រយោជន៍ខ្ពស់ដល់ Real Betis នៅអនាគត។ Antony ពិតជាមានសារៈសំខាន់ និង បានរួមចំណែកជួយបង្កើតឱកាសដល់ក្រុម Real Betis អំឡុងការប្រកួត នាពេលកន្លងមក ។ រូបគេបានចូលរួមជាមួយ Man UTD ដោយផ្ទេរមកពី Ajax ក្នុងតម្លៃ ៨១លានផោន កាលពីឆ្នាំ២០២២ ដែលជាការទិញចូលកីឡាករថ្លៃបំផុតទី២ បន្ទាប់ពីការផ្ទេរ ខ្សែបម្រើ Paul Pogba។ រីឯ Real Betis មានកំណត់ត្រាទិញយកកីឡាករថ្លៃបំផុតរបស់ក្លិបត្រឹម ២២លានផោន គឺទិញយកខ្សែបម្រើប្រេស៊ីល Denílson Show ពី São Paulo តាំងពីឆ្នាំ១៩៩៨ មកម្ល៉េះ៕