
ក្លិប Brighton នៃក្របខណ្ឌ Premier League បានឈានដល់កិច្ចព្រមព្រៀងតម្លៃ ១០ លានផោនដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Tom Watson របស់ក្លិប Sunderland នៃក្របខណ្ឌ EFL Championship នៅរដូវក្តៅនេះ។
កីឡាករអង់គ្លេស បានស៊ុតបញ្ចូលទី២គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ ដងសម្រាប់ Sunderland ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់គេ ក្នុងខែមេសា ឆ្នាំ ២០២៣។
Tom Watson បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំជាមួយ Brighton ដោយចាប់ផ្តើមពីពេលដែលទីផ្សារដោះដូរកីឡាកររដូវក្តៅបើករហូតដល់ខែមិថុនា ឆ្នាំ២០២៩។
កីឡាករវ័យ១៨ឆ្នាំ រូបនេះនឹងនៅជាមួយ Sunderland ដែលកំពុងប្រជែងគ្នាសម្រាប់ការប្រកួតវគ្គ Play-off នៃក្របខណ្ឌ EFL Championship សម្រាប់រដូវកាលដែលនៅសល់។
លោក David Weir នាយកបច្ចេកទេសរបស់ Brighton បាននិយាយថា “Tom Watson គឺជាកីឡាករមានទេពកោសល្យវ័យក្មេងដ៏គួរអោយចាប់អារម្មណ៍ ដែលយើងកំពុងតាមដានក្នុងរយៈពេលនេះ។ គេមានរដូវកាលដ៏ជោគជ័យមួយជាមួយ Sunderland ហើយយើងទន្ទឹងរង់ចាំរូបគេមកចូលរួមជាមួយយើងនៅរដូវក្តៅ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ ការផ្តោតអារម្មណ៍របស់គេទាំងស្រុងគឺជួយ Sunderland បញ្ចប់រដូវកាលរបស់ពួកគេអោយបានល្អបំផុតតាមដែលអាចធ្វើទៅបាន។”
Tom Watson ធ្លាប់បានលេងអោយក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសយុវជន ទាំងកម្រិតអាយុក្រោម ១៧ ឆ្នាំ និងអាយុក្រោម ១៨ ឆ្នាំ ផងដែរ៕