
បន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យ និង ធ្វើរោគវិនិច្ឆ័យ ពេលនេះរយៈពេលនៃអវត្តមានរបស់ខ្សែប្រយុទ្ធ Erling Haaland ត្រូវបានបង្ហាញហើយ នោះគឺរូបគេនឹងត្រូវអវត្តមាន ៧សប្តាហ៍ ព្រោះរបួសកជើង។ នេះបើតាមការប្រកាសពីគ្រូបង្វឹក Man City លោក Pep Guardiola ។
កីឡាករន័រវេសបានរងរបួសកាលពីការប្រកួតពានរង្វាន់ FA Cup ដែលបានឈ្នះ Bournemouth ដោយលទ្ធផល ២-១ នៅវគ្គ៨ក្រុមចុងក្រោយ ហើយបន្តឡើងវគ្គ៤ក្រុមចុងក្រោយជួបក្រុម Nottingham Forest ។ រូបគេត្រូវបានប្តូរចេញនៅនាទី៦១ បន្ទាប់ពីរកបានគ្រាប់បាល់តាមស្មើ សម្រាប់ Man City រួច។ ក្រោយមក Erling Haaland ត្រូវបានប្រទះឃើញនៅក្នុងវីដេអូមួយដោយបានចាកចេញពីកីឡដ្ឋាន Vitality ជាមួយការប្រើប្រាស់ឈើច្រត់ជាជំនួយ ហើយកជើងខាងឆ្វេងរបស់គេត្រូវរុំបង់ការពារ។
បញ្ហារបួសរបស់ Erling Haaland បានបង្កើនការព្រួយបារម្ភសម្រាប់ Man City ដោយដំបូងឡើង ពួកគេមិនច្បាស់ថា វានឹងត្រូវធ្វើអោយរូបគេអវត្តមានយូរប៉ុណ្ណោះនោះទេ ប៉ុន្តែពេលនេះរយៈពេលនៃអវត្តមានរបស់កីឡាករវ័យ២៤ឆ្នាំ ត្រូវបានដឹងហើយគឺ៧សប្តាហ៍ឯណោះ ។
ជាមួយនឹងអវត្តមានរបស់ Haaland បានបង្កើនភាពស្មុគស្មាញបន្ថែមទៀត ដល់លោក Pep Guardiola ដែលមានកីឡាករជាច្រើនរូបរងរបួសរួចមកហើយ។ យ៉ាងណា គ្រូបង្វឹកជនជាតិអេស្ប៉ាញ រំពឹងថា Haaland នឹងមានភាពធូរស្រាលពេញលេញ សម្រាប់ការប្រកួត FIFA Club World Cup 2025។
ជុំវិញរឿងនេះលោក Pep Guardiola បានអោយដឹងថា “ ពេលខ្លះវាមានឆ្នាំដែលរឿងស្មុគស្មាញទាំងនេះកើតឡើង។ វាបានកើតឡើងគ្រប់រដូវកាល។ ខ្ញុំអាចនិយាយបានថាវាអាចខុសគ្នាប្រសិនបើវាជាការបញ្ចប់រដូវកាល មុន Club World Cup។ ដូច្នេះជាមួយនឹងរបួសកីឡាករទាំងអស់ដែលយើងមានក្នុងរដូវកាលនេះ ខ្ញុំពិតជាសោកស្តាយចំពោះពួកគេ និងសម្រាប់ Erling ផងដែរ។ ដូច្នេះ ខ្ញុំសូមជូនពរអោយគេ ជាសះស្បើយអោយបានលឿនតាមដែលអាចធ្វើទៅបាន។ គ្រូពេទ្យបានប្រាប់ខ្ញុំថារូបគេនឹងអវត្តមាន ចន្លោះពី ៥-៧ សប្តាហ៍ ដូច្នេះសង្ឃឹមថាចុងបញ្ចប់នៃរដូវកាលនេះនិងនៅ Club World Cup នោះ Erling Haaland នឹងវិលមកទាល់ពេល។”
ដោយឡែក FA Cup គឺជាពានរង្វាន់ក្នុងស្រុកតែមួយគត់ដែល Man City នៅមានក្តីសង្ឃឹមក្នុងការឈ្នះ ខណៈយុទ្ធនាការការពារជើងឯក Premier League ហាក់មានភាពលំបាក និងឃ្លាតឆ្ងាយ។ Man City ក៏ បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League និង EFL Cup រួចទៅហើយ។ ចំពោះពានរង្វាន់ FIFA Club World Cup 2025 ដែល Man City នឹងត្រូវទៅចូលរួមប្រជែងដែរនោះ នឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ១៤ ខែមិថុនា ដល់ ១៣ ខែកក្កដា ដោយសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះការប្រកួតមួយនេះ៕