×

គ្រូ Arsenal សរសើរ Bukayo Saka ក្រោយវិលមកទីលាននិងរកគ្រាប់បាល់យកឈ្នះ Fulham

គ្រូបង្វឹក Arsenal លោក Mikel Arteta បានបង្ហាញពីការពេញចិត្ត និង កោតសរសើរ ខ្សែបម្រើ Bukayo Saka មិនដាច់ពីមាត់ ក្រោយពីរូបគេបានវិលមកកាន់ទីលានវិញ ក្រោយធូរស្រាលរបួស និង បានជួយរកគ្រាប់បាល់បញ្ចូលទី ដើម្បីយកឈ្នះក្រុម Fulham កាលពីយប់មិញថែមទៀត។

ការប្រកួតក្របខណ្ឌ Premier League រវាងក្រុមទាំង២បានធ្វើឡើងនាកីឡដ្ឋាន Emirates ដោយ ក្រុមម្ចាស់ផ្ទះ Arsenal បាននាំមុខមុននៅក្នុងនាទី៣៧នៃវគ្គទី១ ដោយគ្រាប់បាល់របស់ Mikel Merino ។ ចូលមកដល់វគ្គទី២ ទើប Bukayo Saka ដែលទើបប្តូរចូលជំនួស Ethan Nwaneri មានឱកាស រកគ្រាប់បាល់ដោយការតែតបញ្ចូលទី នៅក្នុងនាទី៧៣ បង្កើនការនាំមុខសម្រាប់ក្រុមកាំភ្លើងធំ។ នេះជាការបង្ហាញខ្លួនសាជាថ្មីរបស់កីឡាករវ័យ២៣ឆ្នាំ ក្រោយអវត្តមាន ១០១ ថ្ងៃ ដោយសាររបួសសរសៃពួរ។ សម្រាប់ក្រុមភ្ញៀវ Fulham ក៏បានធ្វើការវាយបកយកបាន១គ្រាប់មកវិញដែរ ដោយ Rodrigo Muniz រកគ្រាប់បាល់នៅចុងម៉ោង នាទី ៩០+៤ បញ្ចប់ការប្រកួតដោយលទ្ធផល Arsenal ២ Fulham ១។

ជាមួយនឹងវត្តមានរបស់ Bukayo Saka ដែលបានវិលមកកាន់ទីលានវិញ និងជួយក្រុម Arsenal ឈ្នះ បានធ្វើអោយ គ្រូបង្វឹក លោក Mikel Arteta មានភាពរីករាយ និងថា កីឡាករអង់គ្លេសជាកម្លាំងសំខាន់ដែលជួយក្រុមបានជោគជ័យ។

លោក Mikel Arteta បានអោយដឹងក្រោយចប់ការប្រកួតបែបនេះ “ ខ្ញុំគិតថាវាជាពេលវេលាដ៏ស្រស់ស្អាតមួយដើម្បីមើលកីឡាករដែលយើងស្រឡាញ់និងកោតសរសើរដូចជា Bukayo Saka វិលមកវិញ។ ក្រោយស៊ុតបញ្ចូលទីភ្លាម តើគេធ្វើអ្វី? គឺគេនិយាយថាអរគុណចំពោះការខិតខំប្រឹងប្រែងទាំងអស់ទាំងក្រុមគ្រូពេទ្យ និងអ្នកទាំងអស់គ្នាដែលពាក់ព័ន្ធ បានជួយរូបគេក្នុងស្ថានភាពលំបាក។ ខ្ញុំគិតថា Bukayo Saka បានធ្វើអោយក្រុមមានថាមពល ហើយវាអស្ចារ្យណាស់ដែលបានគេត្រលប់មកវិញ។”

សម្រាប់ជ័យជំនះក្នុងការប្រកួតសប្តាហ៍ទី៣០នេះ ក្រុម Arsenal នៅឈរលេខ២ មាន ៦១ពិន្ទុ ឃ្លាតពីក្រុមកំពូលតារាង Liverpool ៩ពិន្ទុ តែ Liverpool លេងយឺតជាង១ប្រកួត។ រីឯ Fulham នៅលេខ៨ មាន ៤៥ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង