ក្រុម Man UTD បានជួបការបរាជ័យ នៅក្នុងការប្រកួតក្របខណ្ឌ Premier League ដោយបានចាញ់ក្រុម Nottingham Forest ដោយលទ្ធផល ១-០។
ការប្រកួតនាកីឡដ្ឋាន City Ground កាលពីយប់មិញ ក្រុម Man UTD ដែលជាក្រុមភ្ញៀវ ធ្វើបានល្អទាំងស្ថិតិនៃការគ្រប់គ្រងបាល់ដល់ទៅ ៦៨ ភាគរយ និង មានឱកាសស៊ុតដល់ទៅ ២៣ដង ខណៈក្រុមម្ចាស់ផ្ទះ Nottingham Forest មានឱកាសស៊ុតតែ ៨ដង។ បែបនេះក្តី ក្រុម Man UTD បានរបូតគ្រាប់បាល់ ដោយការស៊ុតពីអតីតកីឡាករខ្លួនគឺ Anthony Elanga នៅក្នុងនាទី៥ ដើម្បីផ្តល់ការនាំមុខដល់ក្រុម Nottingham Forest ។ ក្រុមបិសាចក្រហមព្យាយាមដាក់សម្ពាធទៅលើគូប្រកួតបន្ថែម ប៉ុន្តែមិនមានសំណាងស៊ុតបញ្ចូលទីមកវិញនោះទេ។ យ៉ាងណា ការប្រកួត ៩០នាទី មានតែគ្រាប់បាល់តែ១គ្រាប់ប៉ុណ្ណោះ ដោយវាបានរក្សាដល់ចប់ការប្រកួតតែម្តង។
នេះជាការបរាជ័យសាជាថ្មីម្តងទៀតរបស់ Man UTD បន្ទាប់ពីមិនចាញ់៤ប្រកួតចុងក្រោយជាប់ៗគ្នានៅក្នុងជំនួបលីគកំពូលអង់គ្លេស។ បរាជ័យនេះបានធ្វើអោយ គ្រូបង្វឹក Man UTD លោក Ruben Amorim មានការសោកស្តាយ ដោយមើលឃើញកីឡាករខ្លួនលេងបានល្អដែរ ប៉ុន្តែបែរជាមិនអាចស្វែងរកជ័យជំនះមកវិញ។ យ៉ាងណា លោក Ruben Amorim នៅតែយល់ថា ក្រុមខ្លួនកំពុងមានភាពវិជ្ជមាន ហើយថា ការបរាជ័យនេះមកពីក្រុមខ្វះខាតគុណភាពបញ្ចប់ទី។
គ្រូបង្វឹកជនជាតិព័រទុយហ្កាល់បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “យើងគ្រប់គ្រងការប្រកួតបានល្អ។ យើងបានដឹងរួចហើយថា Forest អាចរកគ្រាប់បាល់បាន។ បន្ទាប់មកយើងបានព្យាយាមជាមួយនឹងឱកាសល្អ តែការបញ្ជូនចុងក្រោយ ជំនួយចុងក្រោយមិនបានល្អ ធ្វើអោយយើងមិនអាចរកគ្រាប់បាល់បាន។ ប៉ុន្តែយើងមានស្ថានភាពល្អខ្លះ យើងមានការស៊ុតបាល់បញ្ចូលទីច្រើនដងប៉ុន្តែនៅទីបញ្ចប់ យើងខ្វះគុណភាពដើម្បីបញ្ចប់ទី។”
នេះជាការបរាជ័យលើកទី១៣ ក្រោយឆ្លងកាត់៣០ប្រកួត របស់ Man UTD ខណៈពួកគេក៏បានឈ្នះ ១០ដង ស្មើ៧ដង។ Man UTD នៅលេខ១៣មាន ៣៧ពិន្ទុ ខណៈ Nottingham Forest នៅលេខ៣ មា ៥៧ពិន្ទុ៕