×

ក្លិបចំនួន៤នៅ Premier League ចាប់អារម្មណ៍ខ្សែបម្រើ Baris Alper Yilmaz របស់ Galatasaray

មានការរាយការណ៍អោយដឹងថា ក្លិបនៅលីគកំពូលអង់គ្លេសចំនួន៤ក្លិប បានបង្ហាញចំណាប់អារម្មណ៍និងបានបញ្ជូនទាំងភ្នាក់ងារដើម្បីតាមដានកីឡាករមួយរូបគឺខ្សែបម្រើ Baris Alper Yilmaz ដែលកំពុងលេងអោយក្លិប Galatasaray។

ជាការពិត ក្លិបទាំង៤ នៅក្របខណ្ឌ Premier League ដែលកំពុងចាប់អារម្មណ៍កីឡាករវ័យ២៤ឆ្នាំ មានក្លិប Aston Villa, Nottingham Forest, West Ham United និង Newcastle United។

មែនទែនទៅ Baris Alper Yilmaz ត្រូវបានក្លិបទាំងនោះចាប់អារម្មណ៍ជាច្រើនខែមកហើយ nigសង្ឃឹមថា នឹងអាចចរចានាំយកកីឡាករជនជាតិតួកគី មកលេងជាមួយខ្លួន នៅរដូវកាលក្រោយ ទោះបីជាបានដឹងហើយថា កុងត្រារបស់គេនឹងមានរហូត ទៅដល់ឆ្នាំ២០២៧ក្តី។

Baris Alper Yilmaz បានបង្ហាញទំរង់លេងល្អខ្លាំងណាស់នៅរដូវកាលនេះ ដោយអាចស៊ុតបញ្ចូលទីបាន១១គ្រាប់មកហើយក្នុងការបង្ហាញ ខ្លួនទាំង២៨លើកគ្រប់ការប្រកួត កន្លងមកអោយ Galatasaray។

រូបគេត្រូវបានដឹងថា មានទេពកោសល្យ និង អាចបត់បែនយ៉ាងងាយស្រួល ដោយអាចលេងទាំងតំបន់ស្លាប និង លេងជាខ្សែប្រយុទ្ធកណ្តាលផងដែរ។

កន្លងទៅគ្រូបង្វឹក Galatasaray លោក Okan Buruk ក៏បានអះអាងថា លោកពិតជាពេញចិត្តចំពោះសមត្ថភាពរបស់ Baris Alper Yilmaz ហើយរូបគេស្ថិតក្នុងកម្រិតកីឡាករនៅក្របខណ្ឌ Premier League។ Baris Alper Yilmaz នឹងកាន់តែមានអនាគតភ្លឺស្វាងបើសិនជាក្លិបនៅលីគកំពូលអង់គ្លេសណាមួយ សម្រេចទិញយករូបគេទៅចូលរួម៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង