×

ខ្សែការពារ Fabian Schar បន្តកិច្ចសន្យាថ្មីជាមួយ Newcastle United ដល់ឆ្នាំ២០២៦

ខ្សែការពារ Fabian Schar បានបន្តកិច្ចសន្យាថ្មីជាមួយ Newcastle United រហូតដល់រដូវក្តៅឆ្នាំ ២០២៦ ខាងមុខ ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។

កីឡាករសញ្ជាតិស្វីស បានចូលរួមជាមួយក្លិប Newcastle United ដោយផ្ទេរមកពីក្លិបអេស្ប៉ាញ Deportivo La Coruna ក្នុងខែកក្កដា ឆ្នាំ ២០១៨ ។

Fabian Schar បានបង្ហាញខ្លួនចំនួន ២២១ ដង ក្នុងគ្រប់ការប្រកួតទាំងអស់សម្រាប់ Newcastle United ហើយថ្មីៗនេះបានជួយពួកគេអោយឈ្នះពានរង្វាន់ EFL Cup ដែលជាពានរង្វាន់ក្នុងស្រុកលើកដំបូងរបស់ក្លិបចាប់តាំងពីពួកគេបានលើកពានរង្វាន់ FA Cup ក្នុងឆ្នាំ ១៩៥៥ ។

កិច្ចព្រមព្រៀងពីមុនរបស់កីឡាករវ័យ៣៣ឆ្នាំ នឹងត្រូវផុតកំណត់នៅចុងខែមិថុនា។
ជុំវិញការបន្តកិច្ចសន្យាថ្មីនេះដែរ Schar បាននិយាយថា “វាជាសប្តាហ៍ដ៏ល្អសម្រាប់អ្នករាល់គ្នានៅ Newcastle United បន្ទាប់ពីឈ្នះពានរង្វាន់ EFL Cup ហើយខ្ញុំពិតជារីករាយណាស់ ក្នុងការចុះកិច្ចសន្យាមួយផ្សេងទៀតជាមួយក្លិបដ៏អស្ចារ្យនេះ។”

Fabian Schar បានលេង ៣៣ ដងសម្រាប់ Newcastle United ក្នុងរដូវកាលនេះ ដោយពួកគេកំពុងស្ថិតនៅលេខ ៦ ក្នុងក្របខណ្ឌ Premier League និងកំពុងព្យាយាមប្រជែងដណ្តើមយកកៅអីនៅក្នុងក្របខណ្ឌ UEFA Champions League នៅរដូវកាលក្រោយ។

សម្រាប់ លោក Eddie Howe គ្រូបង្វឹក Newcastle United បានបង្ហាញភាពរីករាយក្នុងការបន្តកិច្ចសន្យាថ្មីរបស់ Fabian Schar ថា “Fabian ជាកីឡាករឆ្នើមរបស់ខ្ញុំ ហើយក៏ដូចជាការលេងរបស់គេនៅលើទីលាន គេបានបង្ហាញអាកប្បកិរិយាដ៏អស្ចារ្យក្នុងក្រុម។ គេគឺជាបេះដូងនៃរដូវកាលដ៏ល្អរបស់យើង រហូតមកដល់ពេលនេះ ហើយគេនឹងបន្តជាកីឡាករសំខាន់សម្រាប់ពួកយើង ខណៈយើងខិតខំដើម្បីបញ្ចប់ក្នុងចំណាត់ថ្នាក់ល្អបំផុតតាមដែលអាចធ្វើទៅបាន។”

ដោយឡែក Newcastle United នឹងបន្តការប្រកួតក្របខណ្ឌ Premier League ដោយត្រូវប៉ះ Leicester City នាកីឡដ្ឋាន King Power ថ្ងៃទី ៧ ខែមេសានេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង