×

គ្រូ Liverpool ថា ជារឿងល្អដែលស្ថាប័នអាជ្ញាកណ្តាលអង់គ្លេសទទួលស្គាល់កំហុស

គ្រូបង្វឹក Liverpool លោក Arne Slot បាននិយាយថា វាជារឿងល្អដែលលោកបានឃើញស្ថាប័នអាជ្ញាកណ្តាលបាល់ទាត់អង់គ្លេស PGMOL ចេះទទួលស្គាល់កំហុសរបស់ខ្លួន។

ការលើកឡើងរបស់បុរសជនជាតិហូឡង់ គឺសំដៅទៅលើការសម្រេចចិត្តរបស់មន្ត្រីអាជ្ញាកណ្តាលដែលមិនបណ្តេញខ្សែការពារ James Tarkowski របស់ Everton ចេញពីទីលាន ក្នុងការប្រកួត Merseyside Derby ដែលក្រោយមកខាង PGMOL ក៏ទទួលស្គាល់ថា ការមិនបណ្តេញកីឡាករវ័យ៣២ឆ្នាំ គឺជាការធ្វើខុស។ ការឈ្នះដោយលទ្ធផល ១-០ របស់ Liverpool លើ Everton នាជំនួបក្របខណ្ឌ Premier League នៅកីឡដ្ឋាន Anfield កាលពីពេលថ្មីៗនេះ James Tarkowski បានប្រជែងបាល់ទល់នឹង Alexis Mac Allister ប៉ុន្តែការជែងបាល់នោះគឺមានកំហុសធ្ងន់ធ្ងរទៅហើយ ។

យ៉ាងណាមិញ Tarkowski ត្រូវបានអាជ្ញាកណ្តាលដាក់ពិន័យត្រឹមតែកាតលឿង ខណៈ VAR ក៏មិនបានធ្វើអន្តរាគមន៍ដែរ។ បន្ទាប់ពីនោះ PGMOL ក៏បានពិនិត្យការប្រកួតឡើងវិញ ហើយក៏បានមើលឃើញថា James Tarkowski សមគួរនឹងទទួលការពិន័យកាតក្រហម។ ដូច្នេះ ស្ថាប័ននេះ ក៏បានប្រកាសទទួលស្គាល់ការធ្វេសប្រហែសរបស់ពួកគេទៅលើការកាត់សេចក្តីនៃការប្រកួតនោះ។

ជាមួយការទទួលស្គាល់កំហុសពីសំណាក់ PGMOL លោក Slot បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានថា អាជ្ញាកណ្តាលនៅក្នុងប្រទេសអង់គ្លេសមានរដូវកាលល្អ ហើយថាកំហុសគឺជាផ្នែកមួយនៃជីវិត។

គ្រូបង្វឹកវ័យ ៤៦ឆ្នាំ បានអោយដឹងដូច្នេះថា “ ខ្ញុំគិតថាវាតែងតែល្អដែល PGMOL គិតថាពួកគេបានធ្វើខុស ហើយចេះទទួលស្គាល់កំហុស។ យើងទាំងអស់គ្នាដឹងថា វាតែងមានកំហុសក្នុងការប្រកួតបាល់ទាត់ ហើយវាច្បាស់ណាស់នូវអ្វីដែលខ្ញុំបាននិយាយថា មានមនុស្សជាច្រើនដែលមិនមែនជាអ្នកគាំទ្រ Liverpool ពួកគេទាំងអស់ក៏ច្បាស់អំពីកំហុសឆ្គងដែលកើតមានដែរ។ ដូច្នេះ ជាការប្រសើរណាស់ដែលពួកគេបានទទួលស្គាល់វា ដែលធ្វើអោយយើងកាន់តែមានទំនុកចិត្តបន្ថែមទៀត ទៅលើការកាត់ក្តីការប្រកួត។”

Liverpool កាន់តែមានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងយកតំណែងជើងឯក Premier League រដូវកាលនេះ ដោយឆ្លងកាត់៣០ប្រកួតពួកគេឈ្នះ២២ស្មើ៧ចាញ់១ មាន៧៣ពិន្ទុ ពីលើក្រុមលេខ២ Arsenal ដល់ទៅ១២ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង