×

ខ្សែការពារ Gabriel Magalhães របស់ Arsenal នឹងអវត្តមានដល់ចប់រដូវកាលព្រោះរបួសសរសៃពួរ

ខ្សែការពារ Gabriel Magalhães របស់ Arsenal នឹងអវត្តមានការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ បន្ទាប់ពីរូបគេបានរងរបួសសរសៃពួរ និងត្រូវឆ្លងកាត់ការវះកាត់ព្យាបាលអោយបានធូរស្រាល។

កីឡាករសញ្ជាតិប្រេស៊ីល ត្រូវបានប្តូរចេញក្នុងវគ្គទីមួយនៃការប្រកួតឈ្នះរបស់ Arsenal លើ Fulham ដោយលទ្ធផល ២-១ នៅក្នុងជំនួបក្របខណ្ឌ Premier League នាកីឡដ្ឋាន Emirates កាលពីពេលកន្លងទៅ។

Gabriel Magalhães បានលេង ២៨ប្រកួតនៅក្នុងជំនួបលីគកំពូលអង់គ្លេសរបស់ Arsenal ក្នុងរដូវកាល ២០២៤-២៥ ដោយបានជួយក្រុមទទួលបានកំណត់ត្រាការពារល្អបំផុត។

ទាក់ទិននឹងរឿងនេះ Arsenal បានប្រកាសអោយដឹងថា “Gabriel Magalhães មានគោលបំណងវិលត្រឡប់មកលេងវិញទាន់ពេលសម្រាប់ការចាប់ផ្តើមយុទ្ធនាការ ២០២៥-២៦ ។ រូបគេនឹងធ្វើការវះកាត់ព្យាបាលសរសៃពួរ ហើយចាប់ផ្តើមកម្មវិធីស្តារសម្បទាឡើងវិញ ដោយមានគោលបំណងដើម្បីត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមរដូវកាលក្រោយ។”

ការអវត្តមានរបស់ Gabriel អាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុម ដោយគេហទំព័រ Premier League Injuries រាយការណ៍ថាភាគរយឈ្នះរបស់ Arsenal ធ្លាក់ចុះយ៉ាងខ្លាំងនៅពេលដែលកីឡាករវ័យ២៧ឆ្នាំមិនមានវត្តមាន។

ចាប់តាំងពីការបង្ហាញខ្លួនក្នុងលីគរបស់ Gabriel Magalhães ក្រុម Arsenal បានឈ្នះ ៦៣,៥ ភាគរយ ក្នុងចំនួន ១៥៩ ប្រកួតដែលគេបានលេង ប៉ុន្តែក្រុមនឹងមានភាគរយឈ្នះតែ ៤០,៩ ភាគរយប៉ុណ្ណោះ ពេលដែលរូបគេនឹងអវត្តមាន។

យោងតាមតួលេខពី Premier Injuries របួសរបស់ Gabriel Magalhães គឺជារបួសសរសៃពួរលើកទី១១៩នៅក្របខណ្ឌ Premier League នៅរដូវកាលនេះ។ កាលពីរដូវកាលមុនក្របខណ្ឌ Premier មានកីឡាកររងរបួសសរសៃពួរចំនួន ១៦៣ដង ដែលជាស្ថិតិខ្ពស់បំផុតក្នុងរយៈពេល៥ឆ្នាំចុងក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង