×

Aston Villa បង្កើនចំណាប់អារម្មណ៍ចង់ទិញយកខ្សែបម្រើ Noni Madueke ពី Chelsea

Chelsea នឹងមានភាពមមាញឹកនៅរដូវក្តៅនេះ ហើយការចាកចេញរបស់កីឡាករជាច្រើនរូបនឹងកើតមាន ដោយក្នុងនោះ ខ្សែបម្រើ Noni Madueke អាចនឹងធ្វើការផ្លាស់ប្តូរទៅកាន់ Aston Villa។

ជាការពិត Chelsea ចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបថ្មី ខណៈ Noni Madueke លែងស្ថិតក្នុងតម្រូវការរបស់គ្រូបង្វឹកលោក Enzo Maresca។ តួយ៉ាង ក្រុមតោខៀវ ត្រូវបានដឹងថា មិនបានចាប់អារម្មណ៍ពីស្ថានភាពនៃការវិវឌ្ឈខ្លួនរបស់កីឡាករវ័យ២៣ឆ្នាំទេ ដែលបង្ហាញច្បាស់ពីការបើកចំហចំពោះការលក់ រូបគេចេញនៅពេលខាងមុខ។

នេះគឺជាដំណឹងល្អសម្រាប់ Aston Villa ដោយ Madueke ជាគោលដៅមួយក្នុងចំណោមគោលដៅរបស់ពួកគេសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។ Aston Villa នឹងមានថវិកាគ្រប់គ្រាន់សម្រាប់ចំណាយបន្ទាប់ពីយុទ្ធនាការ UEFA Champions League ដ៏ល្អឥតខ្ចោះនៅរដូវកាលនេះ ហើយខ្សែបម្រើស្លាបថ្មីនឹងត្រូវបាននាំយកមក បើទោះបីជាពួកគេកំពុងមាន Marcus Rashford និង Marco Asencio ក៏ដោយ។

យ៉ាងណា វានឹងមិនងាយស្រួលសម្រាប់ Aston Villa ក្នុងការចុះហត្ថលេខាលើ Madueke ទេ ខណៈរូបគេក៏ត្រូវបានដឹងថា បានទាក់ទាញចំណាប់អារម្មណ៍ពី AC Milan ផងដែរ។

បែបនេះក្តី ភាពទាក់ទាញនៃការទទួលបានឱកាសលេងក្នុងក្រុមដំបូង និងបរិយាកាសរីករាយនឹងធ្វើអោយវាក្លាយជាសំណើដ៏ទាក់ទាញរបស់ Aston Villa ក្នុងការលួងលោមនាំយក Noni Madueke ដែលបានស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមចំនួន ៤ ដងនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ Chelsea ក្នុងរដូវកាលនេះ។

វានឹងក្លាយជារឿងគួរអោយចង់តាមដាន ក្នុងការមើលថា តើ Aston Villa អាចចុះហត្ថលេខាលើ Noni Madueke នៅរដូវក្តៅនេះដែរឬទេ។ នៅដំណាក់កាលនេះ វាហាក់ដូចជាទំនងជាថារូបគេនឹងត្រូវបញ្ចេញដោយ Chelsea ដែលវាផ្តល់ក្តីសង្ឃឹមដល់ គ្រូបង្វឹក Aston Villa លោក Unai Emery ដែលកំពុងរៀបចំក្រុមខ្លួន ត្រៀមក្នុងការប្រកួតប្រជែងកម្រិតខ្ពស់នារដូវកាលក្រោយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង