×

គ្រូ Man City ថា សោកស្តាយដែលរបូតឱកាសឈ្នះ Man UTD

ជំនួបដ៏ធំប្រចាំសប្តាហ៍នៃក្របខណ្ឌ Premier League គឺជាការប្រកួត Manchester Derby រវាង Man City និង Man UTD បានបញ្ចប់ហើយ តែក្រុមទាំង២ស្មើគ្នា ក្នុងលទ្ធផល ០-០។

ស្ថិតិនៃការប្រកួតនាកីឡដ្ឋាន Old Trafford ក្រុមម្ចាស់ផ្ទះ Man UTD អាចគ្រប់គ្រងបាល់បានតែ ៤១ភាគរយ តែមានឱកាសស៊ុត ១៣ដង ខណៈ ក្រុមភ្ញៀវ Man City មានឱកាសស៊ុត ៩ដង។

យ៉ាងណា ក្រុមទាំងសងខាងមិនអាចមានសំណាងស្វែងរកគ្រាប់បាល់ពីសំណាញ់ទីគ្នាបាននោះទេ ទោះជាបានប្រឹងប្រែងវាយសម្រុកយ៉ាងណាក្តី។ ភាពស្ងប់ស្ងាត់នេះ បានបន្តពេញ៩០នាទី រហូតដល់ចប់ការប្រកួត។

ជាមួយលទ្ធផលស្មើគ្នានេះ បានធ្វើអោយ គ្រូបង្វឹក Man City លោក Pep Guardiola បង្ហាញនូវការសោកស្តាយ ព្រោះរបូតឱកាសទទួលបានពិន្ទុបន្ថែម។ បុរសជនជាតិអេស្ប៉ាញ ទទូចថារូបលោកពិតជាចង់ទទួលជ័យជំនះនៅកីឡដ្ឋាន Old Trafford ប៉ុន្តែនឹងទទួលយកមួយពិន្ទុ ព្រោះក្រុមបានប្រឹងប្រែងអស់ពីលទ្ធភាពត្រឹមនេះ។

លោក Pep Guardiola បានអោយដឹងក្រោយចប់ការប្រកួតយ៉ាងដូច្នេះ “ ប្រាកដណាស់វានឹងល្អប្រសិនបើយើងបានឈ្នះ ជាជាងលទ្ធផលស្មើគ្នា។ នៅ Old Trafford យើងត្រូវការអ្វីដែលខ្លាំងជាងនេះ បើសិនយើងចង់ឈ្នះ។ យើងបានព្យាយាមបង្កើតឱកាសហើយព្យាយាមគ្រប់គ្រងស្ថានការណ៍ តែគូប្រជែងរបស់យើងក៏មានគ្រោះថ្នាក់ដែរ បើសិនយើងធ្វេសប្រហែស។ យើងក៏រីករាយហើយ ដោយយើងមិនបានចាញ់ការប្រកួត។”

គ្រូបង្វឹកវ័យ៥៤ឆ្នាំ ក៏បានអះអាងពីការបានឃើញរឿងរ៉ាវល្អៗជាច្រើន ក្នុងប៉ុន្មានប្រកួតចុងក្រោយរបស់ក្រុម បានលើកទឹកចិត្តអោយកីឡាករទទួលយកលទ្ធផល នឹងប្រឹងប្រែងដើម្បីប្រកួតក្រោយៗទៀត។

ចែកគ្នា១ពិន្ទុនេះ Man City បានរបូតឱកាសនៅចំណាត់ថ្នាក់កំពូលទាំង៤ ដោយបច្ចុប្បន្ន ពួកគេកំពុងឈរលេខ ៥ មាន៥២ពិន្ទុ ក្រោយឆ្លងកាត់៣១ប្រកួត។ រីឯ Man UTD វិញ នៅលេខ១៣ មាន ៣៨ពិន្ទុ ក្រោយឆ្លងកាត់ ៣១ប្រកួតដូចគ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង