×

អ្នកគាំទ្រ Tottenham Hotspur តវ៉ាចង់អោយម្ចាស់ក្លិបលោក Daniel Levy ចាកចេញពីតំណែង

អ្នកគាំទ្រ Tottenham Hotspur ជាច្រើនបានចូលរួមតវ៉ាប្រឆាំងចំពោះក្រុមប្រឹក្សាភិបាល និងម្ចាស់ក្លិប លោក Daniel Levy ហើយបានអំពាវនាវអោយលោក ចាកចេញពីតំណែងថែមទៀត។

ការតវ៉ារបស់ក្រុមអ្នកគាំទ្រព្រោះមិនពេញចិត្តចំពោះ ក្លិបដែលកាន់តែមានភាពធ្លាក់ចុះ ហើយហាក់មិនមានមហិច្ឆតាឈ្នះពានរង្វាន់។ កីឡដ្ឋានថ្មីរបស់ Tottenham Hotspur ជាកីឡដ្ឋានដ៏ទំនើបមួយ តែវាបានរៀបចំការប្រកួត NFL បាល់ឱប ការប្រគុំតន្ត្រី ហើយអ្នកគាំទ្រជឿថាអាទិភាពរបស់លោក Daniel Levy គឺរៀបចំព្រឹត្តិការណ៍កំសាន្តជំនួសអោយការកសាងក្រុមបាល់ទាត់ដែលរឹងមាំ និង ជោគជ័យ។

ក្រុមអ្នកគាំទ្រឈ្មោះ Change For Tottenham ដែលបានរៀបចំការតវ៉ាអោយដឹងថា ពួកគេមានអារម្មណ៍ដាច់ឆ្ងាយពីទិសដៅរបស់ក្លិប ហើយខណៈហិរញ្ញវត្ថុរបស់ក្លិប កើនឡើងមែន តែផ្នែកកីឡាបានធ្លាក់ចុះ។ Tottenham Hotspur ជាក្លិបដែលមានតម្លៃខ្ពស់ជាងគេលំដាប់ទី ៩ នៅលើពិភពលោក។

លោក Daniel Levy បានកាន់កាប់ Tottenham Hotspur នៅឆ្នាំ ២០០១ ហើយក្លិបបានឈ្នះពានរង្វាន់តែមួយគត់មកដល់ពេលនេះគឺ EFL Cup 2007-08 ហើយបន្តពីនោះពួកគេមិនបានឈ្នះពានអ្វីទេ ទោះជាធ្លាប់បានឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ឆ្នាំ ២០១៩ ក្តី តែបានចាញ់ Liverpool ២-០។

Spurs បានឈានដល់វគ្គ៤ក្រុមចុងក្រោយ EFL Cup រដូវកាលនេះ តែបានចាញ់ Liverpool ទៀត។ នៅឯ Premier League វិញ Spurs ក៏ធ្វើមិនបានល្អដែរ ដោយកំពុងឈរលេខ១៤ក្នុងតារាងពិន្ទុ។ ក្តីសង្ឃឹមតែមួយគត់របស់ពួកគេក្នុងការបានលេង UEFA Champions League រដូវកាលក្រោយ កើតឡើងតាមរយៈការប្រកួត UEFA Europa League រដូវកាលនេះ។

Tottenham Hotspur បានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ដោយត្រូវប៉ះ Eintracht Frankfurt ហើយការប្រកួតចំនួន២ជើងនឹងធ្វើឡើងនៅខែមេសា។ បើ Spurs ឈ្នះការប្រកួត នោះពួកគេនឹងមានលក្ខណៈគ្រប់គ្រាន់ទៅ UEFA Champions League ជាស្វ័យប្រវត្តិ។

Tottenham Hotspur បច្ចុប្បន្ន ក៏កំពុងជួបបញ្ហាកីឡាកររបួស ហើយអាចស្ថិតក្នុងចំណាត់ថ្នាក់អាក្រក់សាជាថ្មីនៅ Premier League ។ ពួកគេធ្លាប់បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៥កាលពីឆ្នាំ ១៩៩៣-៩៤។ ក្រុមមាន់ខ្នាយមាសមិនបានបញ្ចប់រដូវកាលលីគកំពូលអង់គ្លេសនៅក្រៅក្រុមកំពូលទាំង១៥ទេ ចាប់តាំងពីធ្លាប់ធ្លាក់ទៅលេងលីគទី២ តាំងពីរដូវកាល ១៩៧៧-៧៨ មក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង